គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្ដគម្រោងស្ថាបនាផ្លូវចំនួន ៣៨ ខ្សែ ប្រវែងសរុប ៩៨, ៣៤ គីឡូម៉ែត្រ នៅក្រុងសៀមរាបបានកំណត់យកថ្ងៃទី ២៣ ខែកញ្ញា បង្ហាញពីការសិក្សាប្លង់ និងផែនការលម្អិតសម្រាប់ការអនុវត្តគម្រោង ខណៈការស្ថាបនាផ្លូវនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១។
ក្រុមមន្ត្រីនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៩ កញ្ញា។ រូបថត ក្រសួងសាធារណការ
នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពីថ្ងៃទី ៩ កញ្ញា នៅក្រសួងសាធារណការស្តីពីគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាបដឹកនាំដោយលោក ទៀ បាញ់ ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្ដគម្រោងស្ថាបនាផ្លូវនេះដោយមានការចូលរួមពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញក្រោមឱវាទក្រសួងទាំង ៣ ជាច្រើនរូបទៀត។
លោក ទៀ បាញ់ បានណែនាំឲ្យក្រុមការងារបច្ចេកទេសអន្តរក្រសួងដែលស្ថាបនាផ្លូវនេះត្រូវចុះពិនិត្យ សិក្សា និងធ្វើការវាយតម្លៃបញ្ជាក់ឲ្យបានល្អិតល្អន់លើស្ថានភាពជាក់ស្តែងនៃផ្លូវទាំង ៣៨ ខ្សែ ដែលនឹងត្រូវស្ថាបនា ដើម្បីឈានទៅរកការឯកភាពគ្នាក្នុងកម្រិតបច្ចេកទេសរួមមួយដោយអាចធានានូវការសាងសង់ផ្លូវប្រកបដោយគុណភាពខ្ពស់ និងមាននិរន្តរភាពយូរអង្វែង។
លោកថ្លែងថា៖ «អង្គប្រជុំបានសម្រេចឯកភាពគ្នាថា ប្លង់នៃការសិក្សាលម្អិត និងផែនការនៃការអនុវត្តគម្រោងនេះនឹងត្រូវបង្ហាញជូនក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែដែលគ្រោងនឹងធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី ២៣ ខែកញ្ញា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៤ ខែកញ្ញា បានប្រកាសលើហ្វេសប៊ុករបស់លោកអំពីការបញ្ចេញកញ្ចប់ថវិកាជាតិដែលរដ្ឋសន្សំបានចំនួន ១៥០ លានដុល្លារ ដើម្បីស្ថាបនាផ្លូវចំនួន ៣៨ ខ្សែ ក្នុងក្រុងសៀមរាបឡើងវិញ។
លោកបញ្ជាក់ថា៖ «ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់ក្នុងទីរួមខេត្តនេះនឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ ១៩»។
លោកបញ្ជាក់ថា លោកនឹងធ្វើជាអធិបតីក្នុងការបើកការដ្ឋានសាងសង់ផ្លូវនេះដោយលោករំពឹងថា នៅចុងឆ្នាំ ២០២១ នឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយរបស់កម្ពុជា។ លោក ហ៊ុន សែន ក៏បានអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើឲ្យរដ្ឋាភិបាលសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍប្រទេស។
លោក ទៀ បាញ់ ថ្លែងនៅក្នុងកិច្ចប្រជុំដដែលថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាបនេះនឹងសិក្សាសាងសង់នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ ស្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ការធ្វើសួនច្បារ និងការដាំដើមឈើផងដែរ។
លោកថ្លែងថា៖ «ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងសៀមរាប។ នេះគឺជាការបង្ហាញនូវការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលក្នុងការប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែបមួយនេះឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរ និងការវិនិយោគបន្ថែមទៀតស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល»។
លោក ស៊ុន ចាន់ថុល ថ្លែងក្នុងកិច្ចប្រជុំនេះដែរថា៖ «យើងនឹងខិតខំប្រឹងប្រែងអនុវត្តគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងក្រុងសៀមរាបនេះឲ្យទទួលបានជោគជ័យតាមការគ្រោងទុក ដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអន្តរក្រសួង ព្រមទាំងអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ»។
លោក ហ៊ាង សុទ្ធាយុត្ដ អ្នកនាំពាក្យក្រសួងសាធារណការថ្លែងពីថ្ងៃម្សិលមិញថា កិច្ចប្រជុំនាថ្ងៃទី ២៣ ខែកញ្ញា ជាកិច្ចប្រជុំរួមជាមួយគណៈកម្មការទាំងអស់ រួមនឹងភាគីពាក់ព័ន្ធ ដើម្បីលើកយកផែនការ និងប្លង់លម្អិតមកជជែកគ្នា។ លោកបានបញ្ជាក់ថា៖ «ក្រោយចប់រដូវបុណ្យភ្ជុំនេះគឺដល់ថ្ងៃប្រជុំរួមជាមួយគណៈកម្មការអន្តរក្រសួង និងភាគីពាក់ព័ន្ធ ដើម្បីឆ្លងគោលការណ៍ទៅថ្នាក់ដឹកនាំក្នុងការរៀបចំបើកការដ្ឋានក្នុងពេលឆាប់ៗនេះ»៕
(ហេង វុធ្ធ)
(ប្រភពព័ត៌មាន: postkhmer)
មតិពីមិត្តអ្នកអាន