Trending now

ក្រសួងទេសចរណ៍សហការជាមួយរាជបណ្ឌិត្យសភាពិភាក្សាគ្នាដើម្បីជំរុញទេសចរណ៍នៅកម្ពុជា

17:34 | 09/05/2020 (សរុបដោយសាមេត)

ក្នុងបរិបទនៃការឆ្លងរាលដាល់នៃជំងឺរាតត្បាត COVID-19 កំពុងមានភាពស្មុគស្មាញនៅទូទាំងពិភពលោក ក្រសួងទេសចរណ៍កម្ពុជានិងរាជបណ្ឌិត្យសភាកម្ពុជាបានឯកភាពគ្នាដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ឆាប់ៗដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា។

កិច្ចប្រជុំរវាងក្រសួងទេសចរណ៍កម្ពុជានិងរាជបណ្ឌិត្យសភាកម្ពុជា

​នៅក្នុង​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ឲ្យ​ដឹងថា ស្ថាប័ន​ទាំងពីរ​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ទេសចរណ៍​ដោយ​ផ្អែកលើ​ស្តង់ដារ​អាស៊ាន​និង​អន្តរជាតិ​។ កម្មវិធី​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ដែលមាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈដែល​វគ្គ​សិក្សា​នឹង​ចាប់ផ្តើម​នៅពេលដែល​ការឆ្លង​រាលដាល​នៃ​វីរុស កូ​វីដ​-១៩ បញ្ចប់​។​

​ស្ថាប័ន​ទាំងពីរ​ក៏បាន​យល់ព្រម​ក្នុងការ​សាងសង់​មជ្ឈមណ្ឌល​សម្រាប់​ភ្ញៀវទេសចរ​ចិន (China Ready Center (CRC)) នៅ​រាជបណ្ឌិត្យ​សភាកម្ពុជា​។ លើសពីនេះទៅទៀត ស្ថាប័ន​ទាំងពីរ​ក៏​នឹង​រៀបចំ​ការសិក្សា​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ការអនុវត្ត​ជាក់ស្តែង​លើ​វិស័យ​ទេសចរណ៍​ផងដែរ​។​

​ប្រទេស​កម្ពុជា​បាន​បង្កើត​មជ្ឈមណ្ឌល​ស​ម្រា​ប់​ភ្ញៀវទេសចរ​ចិន CRC នេះ​ឡើង​ដើម្បី​បំពេញតម្រូវការ​ដល់​ទេសចរ​ចិន​ប្រមាណ​ជា ២ លាន​នាក់​ដែល​រំពឹងថា​នឹង​មក​ទស្សនា​ប្រទេស​នេះ​ជា​រៀងរាល់ឆ្នាំ ក៏ដូចជា​បង្កើន​ជំនាញ​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុងស្រុក​ដែល​ធ្វើការ​ជាមួយ​អតិថិជន​ជា​ជនជាតិ​ចិន​។​

​បើតាម​លោក​បណ្ឌិត សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជា​មាន​ភារកិច្ច​ត្រូវ​គ្រប់គ្រង​និង​ពង្រីក​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​លើ​គ្រប់​វិស័យ​និង​សហការ​ជាមួយ​ការស្រាវជ្រាវ​របស់​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​លោក​បាន​បន្ត​ឲ្យ​ដឹងថា រាជបណ្ឌិត្យសភាកម្ពុជា​នឹង​រៀបចំ​វេទិកា​វិទ្យាសាស្ត្រ​សម្រាប់​គ្រប់​វិស័យ ផ្តល់​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ផ្តល់​ការបណ្តុះបណ្តាល​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស ប្រមូលផ្តុំ​និង​ផ្សព្វផ្សាយ​ការរកឃើញ​ថ្មីៗ ការពារ​និង​អភិវឌ្ឍ​ភាសា​និង​អក្សរសាស្ត្រ​ខ្មែរ​ប្រកបដោយ​និរន្តរភាព ក៏ដូចជា​រក្សា​អត្តសញ្ញាណ​ជាតិ ស្រាវជ្រាវ អភិរក្ស និង​អភិវឌ្ឍ​ធនធានធម្មជាតិ វប្បធម៌​ក្នុងចំណោម​ការងារ​ផ្សេងៗ​ទៀត​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​បាន​ឲ្យ​ដឹងថា ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​មាន​ចំនួន ១,៤ លាន​នាក់​ក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ ដែលជា​ការថយចុះ​ចំនួន ៣៤ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​វត្តមាន​របស់​ភ្ញៀវទេសចរ​បរទេស​ក៏មាន​ការធ្លាក់ចុះ​ចំនួន ៣៨ ភាគរយ​ស្មើនឹង ១,១៥ លាន​នាក់​។​

​ចំពោះ​ចំនួន​ភ្ញៀវទេសចរ​ចិន​វិញ​បាន​ធ្លាក់ចុះ ៦២ ភាគរយ ពោល​គឺមាន​ចំនួន ២៥៩.៧៣២ នាក់ ខណៈ​ភ្ញៀវទេសចរ​មកពី​ប្រទេស​វៀតណាម សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ក៏មាន​ការធ្លាក់ចុះ ៤ ភាគរយ ៣៣ ភាគរយ​និង ៤៦ ភាគរយ ក្នុង​រយៈពេល​ដូចគ្នា​។​

​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​រង​ការប៉ះពាល់​ដោយ​ការ​ផ្ទុះឡើង​នៃ​វីរុស​កូ​វីដ​-១៩ ចាប់តាំងពី​ចុងឆ្នាំ​មុន ខណៈដែល​ប្រទេស​នេះ​បាន​ដាក់ចេញ​នូវ​វិធានការណ៍​និង​ផែនការ​នានា​ដើម្បី​ស្តារ​វិស័យនេះ​ឡើងវិញ ជាពិសេស​ក្នុង​ខេត្តសៀមរាប ដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពីពេល​កន្លងទៅ លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ថ្លែងថា​៖ «​បន្ទាប់ពី​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ ​បញ្ចប់​ក្នុង​រយៈពេល ៤ ឬ ៥ ខែ​ខាងមុខ ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កាន់​កម្ពុជា​នឹងមាន​ការកើនឡើង​ពី​ពីរ​ទៅ​បី​ដង​។​»

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កាលពី​ឆ្នាំ​កន្លងទៅ​មានការ​កើនឡើង​ចំនួន ៦,៦ ភាគរយ ជាមួយនិង​ភ្ញៀវទេសចរ​បរទេស​ចំនួន ៦,៦ លាន​នាក់ ដែល​បាន​បង្កើត​ប្រាក់ចំណូល ចំនួន​៥ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ទោះយ៉ាងណា ស្ថានការណ៍​នៃ​វីរុស កូ​វីដ​-១៩ នឹង​កាត់បន្ថយ​តួលេខ​នៅ​ឆ្នាំនេះ​ចំនួន​ប្រហែលជា ១០ ភាគរយ​៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក