យុគសម័យ - លោកបណ្ឌិតវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ Grigory Mikhailovich Lokshin អ្នកប្រាជ្ញស្រាវជ្រាវជើងចាស់អំពីវៀតណាម អ្នកជំនាញរុស្ស៊ីដ៏ល្បីល្បាញអំពីសមុទ្រខាងកើត អ្នកស្រាវជ្រាវឈានមុខគេនៃមជ្ឈមណ្ឌលសិក្សាវៀតណាម និងអាស៊ាន ចំណុះវិទ្យាស្ថានចិន និងអាស៊ីសហសម័យ បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី (RAN) បានទទួលមរណភាព នៅថ្ងៃទី៧ ខែកញ្ញា បន្ទាប់ពីលោកមានជំងឺក្នុងរយៈពេលយូរ។
![]() |
| លោក Grigori M. Lokshin។ (រូបថត៖ sputniknews.vn ) |
លោក Grigori M. Lokshin កើតនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៣៨ ។ នៅឆ្នាំ ១៩៦១ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ Moscow (MGIMO) ហើយ ៣ ឆ្នាំក្រោយមកបានការពារនិក្ខេបបទថ្នាក់បណ្ឌិតរបស់លោកសាកលវិទ្យាល័យនេះដោយជោគជ័យ នៅ ជាមួយនឹងប្រធានបទ "ចលនារំដោះជាតិនៅវៀតណាមខាងត្បូងក្នុងដំណាក់កាល ១៩៥៤ - ១៩៦៤" ។ នៅឯមហាសន្និបាតលើកទី XXII នៃបក្សកុម្មុយនិស្តសហភាពសូវៀត (ឆ្នាំ ១៩៦១) លោក Grigori Lokshin បានចូលរួមក្នុងក្រុមបកប្រែវៀតណាមដោយផ្ទាល់ជាលើកដំបូងនៃសហភាពសូវៀត។
លោក Lokshin គឺជាអ្នកនិពន្ធអត្ថបទ និងអត្ថបទវិទ្យាសាស្ត្រជាច្រើនអំពីបញ្ហានៃចលនារំដោះជាតិនៅវៀតណាមខាងត្បូង គោលនយោបាយរបស់សហរដ្ឋអាមេរិក និងសូវៀតនៅអាស៊ីអាគ្នេយ៍ ហើយជាអ្នកជំនាញឈានមុខគេអំពីសមុទ្រខាងកើត និងអាស៊ាន មិនត្រឹមតែនៅក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងលោកក៏ល្បីល្បាញ នៅលើពិភពលោក ផងដែរ។ លោក Lokshin ក៏ជាសមាជិកដែលមិនអាចខ្វះបានក្នុងវេទិកាស្តីពីបូព៌ានិយម ដែលជាកន្លែងរបាយការណ៍របស់លោកតែងតែទាក់ទាញការយកចិត្តទុកដាក់ ដោយសារភាពពិសេស លទ្ធភាពនៃការវិនិច្ឆ័យយ៉ាងមុតស្រួច និងភាពរស់រវើកក្នុងការថ្លែងមតិ។
ជាមួយនឹងការរួមចំណែកដ៏សំខាន់របស់លោក ក្នុងការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន និងសកម្មភាពវិទ្យាសាស្ត្រ និងការរួមវិភាគទានដល់ទំនាក់ទំនងរុស្ស៊ី - វៀតណាម លោក Lokshin បានទទួលគ្រៀងឥស្សរិយយសមិត្តភាពរវាងប្រជាជាតិនៃសហភាពសូវៀត ហើយបានរដ្ឋវៀតណាមប្រគល់ជូនគ្រឿងឥស្សរិយយសមិត្តភាព ២ ដង ព្រមទាំងលោកបានទទួលបានគ្រឿងឥស្សរិយយសផ្សេងៗជាច្រើន។
ពិធីគោរពវិញ្ញាណក្ខន្ធលោក Grigori M. Lokshin នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែកញ្ញា នៅរដ្ឋធានីរុស្ស៊ី៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន