វិចិត្រករវ័យក្មេង១៤រូប បានរៀបចំការតាំងពិព័រណ៍គំនូរមួយរួមគ្នា ក្រោមប្រធានបទ«ដានអនុស្សារ» ក្នុងបំណងរំឭកនូវការចងចាំ អនុស្សាវរីយ៍អតីតកាល និងបទពិសោធន៍ជីវិតនានា ដែលសិល្បករបានឆ្លងកាត់។ ពិព័រណ៍ដែលមានគំនូរសរុប១៨ផ្ទាំងនេះ ត្រូវបានដាក់តាំងបង្ហាញសាធារណជន នៅមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
![]() |
| សិល្បករមួយក្រុម តាំងពិព័រណ៍គំនូរ រំឭកពីការចងចាំ និងអនុស្សាវរីយ៍អតីតកាល |
លោក ស៊ួ គឹមសាន ជាវិចិត្រករ និងអ្នករៀបចំការតាំងពិព័រណ៍គំនូរនេះ ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការកំណត់ប្រធានបទ «ដានអនុស្សារ» សម្រាប់ពិព័រណ៍គំនូរនេះ គឺសិល្បករចង់រំឭកនូវការចងចាំអំពីអតីតកាលដែលពួកគេបានឆ្លងកាត់ និងអតីតកាលដែលប្រទេសកម្ពុជាបានឆ្លងកាត់។ លោក គឹមសាន ពន្យល់បន្ថែមដូច្នេះ៖«ប្រធានបទរួមនិយាយអំពី Memory គឺនិយាយពីការចងចាំ និងជីវិតរបស់សិល្បករ។ គំនូរទាំងនោះ មាននិយាយពីជីវិតរបស់ពួកគាត់ ការស្រឡាញ់នូវសម្បត្តិវប្បធម៌ ដូចជារបាំបុរាណ និងចម្លាក់ជាដើម»។
ក្រៅពីការឆ្លុះបញ្ជាំងអតីតកាលដល់សាធារណជន តាមរយៈគំនូរ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយដែលអនុញ្ញាតឱ្យសិល្បករជំនាន់ផ្សេងគ្នា និងដែលមកពីកន្លែងផ្សេងគ្នា អាចសិក្សា ស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។ ពិព័រណ៍គំនូរនេះ ក៏មានបំណងចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ជាតិ និងផ្សារភ្ជាប់ទំនាក់ទំនងផងដែរ។
បើតាមលោក ស៊ួ គឹមសាន គំនូរទាំង១៨ផ្ទាំងដែលយកមកដាក់តាំងបង្ហាញនេះ ជាស្នាដៃរបស់វិចិត្រករ ដែលជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាន់ខុសៗគ្នា និងសិល្បករដែលមានទេពកោសល្យដទៃទៀត។ សិល្បៈករទាំង១៤រូប មានជំនាញទីទៃពីគ្នា ដូចជាសិល្បករគំនូរពណ៌ប្រេង ពណ៌ទឹក ចម្លាក់ ផ្តិតរូបពុម្ព និងដំឡើង(Installation) ជាដើម។ គំនូរទាំង១៨ផ្ទាំង ដែលយកមកតាំងបង្ហាញទាំងនោះ ជាប្រភេទគំនូរប្រេងគូរលើក្រណាត់, គំនូរពណ៌ទឹកលើក្រដាស, គំនូរពណ៌ acrylic លើក្រណាត់, គំនូរបិតក្រដាស និងគំនូរលើក្ដារបិតសន្លឹកមាសជាដើម។ នេះបើតាមលោក ស៊ួ គឹមសាន៕
Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន