នាព្រឹកថ្ងៃទី ២៨ មករា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បានថ្លែងបទអន្តរគមន៍ក្រោមចំណោងជើងថា“ លើកស្ទួយតួនាទីនិងកេរ្តិ៍ឈ្មោះរបស់វៀតណាមក្នុងបណ្តាញផលិតកម្មនិងខ្សែសង្វាក់តម្លៃសកល” នៅឯសមាជលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh (រូបថត៖ VGP)
លោករដ្ឋមន្រ្តី Tran Tuan Anh បានបញ្ជាក់ថា វិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម នឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ព្រមទាំងលើកកំពស់ស្មារតីម្ចាស់ការ គំនិតផ្តួចផ្តើម និងការច្នៃប្រឌិតឲ្យបានច្រើនថែមទៀត ដើម្បីអនុវត្តគោលដៅនៃសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមដោយជោគជ័យផងដែរ។
សមិទ្ធិផលនៃបុព្វហេតុផ្លាស់ប្តូរថ្មី បានបង្កើតឡើងមូលដ្ឋានគ្រឹះអភិវឌ្ឍន៍ដ៏ធំធេងសម្រាប់សេដ្ឋកិច្ចវៀតណាម។ នេះគឺជាអ្វីដែល រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានសង្កត់ធ្ងន់នៅពេលដែលលោកថ្លែងបទអន្តរគមន៍នៅក្នុងមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម កាលពីព្រឹកថ្ងៃទី ២៨ ខែមករាឆ្នាំ២០២១។ បើយោងតាម
លោក Tran Tuan Anh បានឲ្យដឹងថា ក្រោយរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិផលយ៉ាងធំធេងក្នុងបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ដោយនាំប្រទេសវៀតណាមផ្តើមចេញពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក ប្រែក្លាយទៅជាប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមទាប និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនិងទូលំទូលាយក្នុងតំបន់និងពិភពលោកផងដែរ។ លោក Tran Tuan Anh បន្ថែមទៀតថា៖
«សមិទ្ធិផលនៃការផ្លាស់ប្តូរថ្មី បានបង្កើតឡើងការអភិវឌ្ឍដ៏ធំធេងសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ជាពិសេស វិស័យឧស្សាហកម្មបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ពិសេស ហើយនេះក៏ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការអនុវត្តបានគោលដៅនិងបុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបកម្មរបស់វៀតណាមផងដែរ»។
រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានការរីកចម្រើនកាន់តែល្អប្រសើរដោយក្លាយជាប្រទេសមានខឿនឧស្សាហកម្មមួយនៅក្នុងចំណោមក្រុមប្រទេសដែលមានសមត្ថភាពប្រកួតប្រជែងជាសកលក្នុងកម្រិតមធ្យមខ្ពស់ និងខិតទៅជិតដល់ក្រុមប្រទេសទាំង ៤ ដែលមានសមត្ថភាពប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងប្លុកអាស៊ានផងដែរ៕
(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន