យុគសម័យ - នាថ្ងៃទី ១៥ ខែសីហា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានអញ្ជើញទទួលជួប លោកប្រាក់ងួនហុង ឯកអគ្គរាជទូតវិសមាញ្ញនិងពេញសមត្ថភាពប្រចាំនៅវៀតណាមក្នុងឱកាសលោកបានបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅវៀតណាម។
រដ្ឋមន្រ្តីនគរបាលវៀតណាមលោក To Lam ទទួលជួបលោកប្រាក់ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម (រូបថត៖ cand.com.vn)
នៅក្នុងជំនួបនេះ លោក To Lam បានសង្កត់ធ្ងន់ថា ក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការនៃព្រះរាជាណាចក្រកម្ពុជាក្នុងការរក្សា និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាជាទូទៅ និងរវាងក្រសួងនគរបាលវៀតណាមនិងទីភ្នាក់ងារពាក់ព័ន្ធនានារបស់កម្ពុជានិយាយដោយឡែក។ លោក To Lam បានអះអាងថាវៀតណាមតែងតែផ្តល់អាទិភាពលើទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ហើយបានចាត់ទុកថាកម្ពុជាគឺជាដៃគូសំខាន់មួយដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាពជាប្រពៃណីពិសេស ដែលត្រូវបានពូនជ្រុំនិងកសាងឡើងដើម្បីអភិវឌ្ឍប្រទេសជាតិ ដើម្បី សុខសន្តិភាពនិងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ លោក To Lam បានជឿជាក់ថាក្នុង ឋានៈថ្មី លោកប្រាក់ងួនហុងនឹងបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជានាពេលខាងមុខទៀតផង។
រីឯខ្លួនវិញ លោក ប្រាក់ងួនហុង បានសំដែងនូវការជឿជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងកម្ពុជាជាទូទៅ និងរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តអភិវឌ្ឍដោយឥតឈប់ឈរ ព្រមទាំងរួមចំណែកក្នុងការធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ក៏ដូចជាពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីល្អ រវាងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ លោក ប្រាក់ងួនហុងក៏បានអអះអាងថាទោះបីជាក្នុងឋានៈណាក៏ដោយ លោកនឹងបន្តធ្វើជាស្ពានតភ្ជាប់ដ៏ល្អប្រសើរក្នុងការរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែស៊ីជ្រៅនិងស្អិតរមួតថែមទៀតផង។
រដ្ឋមន្រ្តីនគរបាលវៀតណាមលោក To Lam ទទួលជួប លោក Tanee Sangrat ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម (រូបថត៖ cand.com.vn)
នារសៀលថ្ងៃដដែលនេះ លោក To Lam ក៏អញ្ជើញទទួលជួបជាមួយលោក Tanee Sangrat ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម ក្នុងឱកាសលោកទទួលបេសកកម្មការទូតនៅវៀតណាម។
នៅក្នុងជំនួបនេះ លោក To Lam បានលើកឡើងយ៉ាងច្បាស់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងថៃក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជាពិសេសលើវិស័យសេដ្ឋកិច្ច វប្បធម៌ នយោបាយ សន្តិសុខ និងការពារជាតិត្រូវបានពង្រឹងនិងពង្រឹងដោយឥតឈប់ឈរ។ វៀតណាមបានបញ្ជាក់ជាថ្មីអំពីឆន្ទៈសហប្រតិបត្តិការទ្វេភាគីជាមួយថៃ និងសម្របសម្រួលក្នុងអាស៊ានលើបញ្ហាអន្តរជាតិ ដោយមានបំណងចង់ឲ្យថៃ គាំទ្រ និងចែករំលែកព័ត៌មានក្នុងបញ្ហាដូចពោលខាងលើ ជាពិសេសវៀតណាមផ្តោតការយកចិត្តទុកដាក់លើការ រក្សាគោលជំហរទូទៅអំពីបញ្ហាសមុទ្រខាងកើត ក៏ដូចជាជម្រុញការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។
រីឯខ្លួនវិញ លោក Tanee Sangrat បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោក To Lam ដែលបានចំណាយពេលវេលាដ៏ថ្លែថ្នូររបស់ខ្លួនដើម្បីទទួលជួបលោក ហើយលោកក៏បានសម្តែងនូវក្តីរីករាយដែលបានទទួលបេសកកម្មនៅប្រទេសវៀតណាមដែរ។ លោកក៏បានអះអាងថាក្នុងឋានៈថ្មីរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងថៃក្នុងវិស័យជាច្រើនឲ្យកាន់តែរីកចម្រើននិងឈានទៅរកភាពជាក់ស្តែងច្រើនទៀតផង៕
(ប្រភព៖ cand.vn.com សរុបដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន