អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong កំពុងអញ្ជើញបំពេញដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចទាំងនេះនឹងរួមចំណែកពង្រឹងជំនឿទុកចិត្តខាងនយោបាយ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមជាមួយប្រទេសជិតខាងដ៏ជិតស្និទ្ធិទាំងពីរនេះផងដែរ។
ឈុតសម្ដែងសិល្បៈពោរពេញទៅដោយចំណងមិត្តភាពរវាងវៀតណាម - ឡាវ - កម្ពុជា។ (រូបថត៖ baobienphong.vn)
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong លើកនេះ គឺជាដំណើរទស្សនកិច្ចដើមដំបូងក្នុងឋានៈជាប្រធានរដ្ឋ សំដៅអះអាងនូវការគាំទ្រយ៉ាងទូលំទូលាយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រាប់បុព្វហេតុផ្លាស់ប្ដូរថ្មី ការពារ និងកសាងប្រទេសឡាវ ក៏ដូចជាជំរុញសាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យប្រកបដោយជោគជ័យជាមួយកម្ពុជាផងដែរ។
វៀតណាម និងឡាវ អះអាងនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីមុនក៏ដូចជាក្រោយ
ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាង វៀតណាម និងឡាវ ដោយឈរលើមូលដ្ឋានពង្រីកស្មារតីឯករាជ្យ ម្ចាស់ការ និង ឆន្ទៈខ្លួនទីពឹងខ្លួន ពង្រីកប្រៀបខ្លាំង និងលទ្ធភាពរបស់ប្រទេសនីមួយៗ តាមគោលការណ៍សមភាព មានផលប្រយោជន៍ដូចគ្នា។ ជាពិសេសគឺ ថ្នាក់ដឹកនាំទាំងពីររូបសុទ្ធតែឯកភាពគ្នាថា ក្នុងបរិបទដែលតំបន់ និងអន្តរជាតិមានការបម្រែបម្រួលយ៉ាង ស្មុគស្មាញនោះ ប្រទេសទាំងពីរគប្បីរួមសហការគ្នាយ៉ាងជិតស្និទ្ធិ គាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអះអាងថា៖ “តាងនាមបក្ស រដ្ឋ និងប្រជាជនឡាវ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះសរ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមជាភាតរៈ ដែលជានិច្ចកាលជួយឧបត្ថម្ភយ៉ាងថ្លៃថ្លា ធំធេង ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសម្រាប់បុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិមុននេះ និងបុព្វហេតុកាពារ កសាងប្រទេសជាតិនាបច្ចុប្បន្ននេះរបស់ប្រជាជនឡាវ។ យើងខ្ញុំអះអាងថានឹងបន្តសហប្រតិបត្តិការជាមួយបណ្ដាសមមិត្តវៀតណាមជាភាតរៈបង្កើន និងពូនជ្រំប្រពៃណីសាមគ្គីភាពពិសេស និងសហប្រតិបត្តិការគ្រប់វិស័យរវាងឡាវ និងវៀតណាម”។
ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម
ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Nguyen Phu Trong ចូលគាល់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះជាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងចូលថ្វាយបង្គំសម្ដេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ ។ ថ្នាក់ដឹកនាំវៀតណាមរូបនេះ ក៏មានជំនួបដោយឡែកពីគ្នាជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាបញាចក្រី ហេង សំរិន ប្រធារដសភាកម្ពុជា និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាពកម្ពុជា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong
តាមប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភាបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចដ៏សែនសំខាន់ សំដៅពង្រឹង និងពង្រីកទំនាក់ទំនងប្រពៃណីរវាងកម្ពុជា និងវៀតណាម។ “ទំនាក់ទំនងកម្ពុជា វៀតណាមបានឈរលើសរសរទ្រូងចំនួន ៤ ៖ ប្រវត្តិសាស្ត្រ នយោបាយ វប្បធម៌ និងទីតាំងភូមិសាស្ត្រ។ ហេតុដូច្នេះហើយ នៅពេលដែលស្ថានភាពពិភពលោកមានបម្រែបម្រួលនោះ ប្រទេសទាំងពីរនៅតែត្រូវផ្ដល់អាទិភាពលើទំនាក់ទំនងភាពជាអ្នកជិតខាងល្អ និងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក។ ដំណើរទសនកិច្ចនៅកម្ពុជាលើកនេះ របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ជាសាក្ខីភាពនៃមនោសញ្ចេតនារវាងប្រទេសទាំងពីរ ដែលកំពុងអភិវឌ្ឍដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរយៈដំណើរទស្សនកិច្ចលើកនេះ យើងកាន់តែជឿជាក់ថាទំនាក់ទំនងដ៏ជិតស្និទ្ធិ លើគ្រប់វិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងជីវភាពរស់នៅរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផងដែរ”។
ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់មានបម្រែបម្រួល ដូចបច្ចុប្បន្ននេះ គោលនយោបាយអាទិភាពចម្បងរបស់វៀតណាម គឺបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាមជាមួយកម្ពុជា និងឡាវ។ ដំណើរទស្សនកិច្ចលើកនេះរបស់ លោក Nguyen Phu Trong នឹងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាង វៀតណាមជាមួយកម្ពុជា និងឡាវជាពិតប្រាកដផងដែរ៕
(ប្រភពព័ត៌មាន: VOVWORLD)


មតិពីមិត្តអ្នកអាន