យុគសម័យ - អគ្គនាយករង លោក Vu Hai បានចែករំលែកបទពិសោធន៍ជាក់ស្តែងជាមួយគណៈប្រតិភូអ្នកកាសែតកម្ពុជានៅពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីស្នាក់ការនៃវិទ្យុសម្លេងវៀតណាម។
អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu Hai (រូបថតៈ VOV)
នាថ្ងៃទី២២ខែវិច្ឆិការនៅទីក្រុងហាណូត អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម (VOV) លោក Vu Hai បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ វៀតណាម។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ អគ្គនាយករង លោក Vu Hai បានណែនាំដល់គណៈប្រតិភូអ្នកកាសែតកម្ពុជាអំពីរចនាសម្ព័ន្ធនិងបណ្តាញផ្សាយព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមនាបច្ចុប្បន្ន ក្នុងនោះមានវិទ្យុជាតិចំនួន ៨ រួមទាំងបណ្តាញវិទ្យុផ្សាយជាភាសាបរទេសចំនួន១២ រួមមានភាសាខ្មែរ ប៉ុស្តិ៍ទូរទស្សន៍ចំនួន ១៧ កាសែតអនឡាញចំនួនពីរនិងកាសែតបោះពុម្ពមួយផងដែរ។ ចំណែកបុគ្គលិកអ្នកយកព័ត៌មាន អ្នកបច្ចេកទេសនិងសិល្បបករ សិល្បៈការិនីមានជាង ៣.១០០ នាក់។
អគ្គនាយករង លោក Vu Hai បានឱ្យដឹងថែមទៀតថា វិទ្យុសម្លេងវៀតណាមមានការិយាល័យតំណាងអចិន្ត្រៃយ៍នៅឯបរទេសចំនួន ១១ កន្លែង ដែលក្នុងនោះការិយាល័យអចិន្រ្តៃយ៍អូស្ត្រាលីទើបបានបើកដំណើរការនៅខែមីនាឆ្នាំ ២០១៨ ហើយតាមគម្រោង នាដើមឆ្នាំ២០១៩ វិទ្យុសម្លេងវៀតណាមនឹងបើកសម្ពោធការិយាល័យតំណាងអចិន្ត្រៃយ៍មួយកន្លែងទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ីតែម្តង។
គណៈប្រតិភូអ្នកកាសែតកម្ពុជាថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនិងអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថតៈ VOV)
បច្ចុប្បន្ននេះ វិទ្យុសម្លេងវៀតណាមត្រូវបានផ្សាយតាមរលកខ្លី រលកមធ្យម វិទ្យុ FM ផ្សាយតាមអ៊ិនធើណេតនិងជួលរលកធាតុអាកាសពីបរទេដើម្បីបម្រើដល់ តំបន់ឆ្ងាយដាច់ស្រយាល កោះឆ្ងាយៗ និងដល់បងប្អូនជនរួមជាតិនៅឆ្ងាយពីមាតុប្រទេស។ ជាពិសេស VOV មានប៉ុស្តិ៍ VTC10 សម្រាប់ជនវៀតណាមនៅឯបរទេស។ ដំណើរការនៃការផលិតរបស់វិទ្យុសម្លេងវៀតណាមត្រូវបានឌីជីថលកម្មកម្មវិធីផ្សាយសម្លេងពោរពេញទៅដោយលក្ខណៈឯកទេសនិងសម្បូរបែបជាពីមួយថ្ងៃទៅមួយថ្ងៃ។
រហូតមកដល់ពេលនេះ VOV មានទំនាក់ទំនងសហប្រតិបត្តិការជាមួយស្ថានីយ៍ផ្សាយសម្លេងនិងស្ថានីយ៍ទូរទស្សន៍ចំនួន ៦០ នៅលើពិភពលោកនិងក្នុងតំបន់ហើយជាសមាជិកសកម្មនៃសម្ព័ន្ធសមាគមផ្សាយសម្លេងអាស៊ី-ប៉ាស៊ីហ្វិក (ABU) ផងដែរ។
លោក អ៊ុក គីមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា (រូបថតៈ VOV)
ចំណែកលោក អ៊ុក គីមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់របស់ថ្នាក់ដឹកនាំ VOV ។ លោក អ៊ុក គីមសេង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងសមិទ្ធិផលដែល VOV ទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកបានឲ្យដឹងថា “ក្នុងនាមជាប្រធានគណៈប្រតិភូ និងតាងនាមក្រសួងព័ត៌មានកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ VOV ដែលបានជួយឧបត្ថម្ភដល់ក្រសួងព័ត៌មាននិងវិទ្យុផ្សាយសម្លេងកម្ពុជាអំពី មូលដ្ឋានសម្ភារៈ បច្ចេកទេសនិងការបណ្តុះបណ្តាលប្រភពធនធានមនុស្សសំដៅលើកកម្ពស់សមត្ថភាពនៃការផ្សាយសម្លេងនិងគុណភាពនៃកម្មវិធីវិទ្យុនិងទូរទស្សន៍ក្នុងអំឡុងពេលកន្លងមក”។
នៅឯជំនួបនេះ គណៈប្រតិភូអ្នកកាសែតកម្ពុជាបានលើកសំណរមួយចំនួនហើយត្រូវបានថ្នាក់ដឹកនាំនិងអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបកស្រាយ ពីដំណើរការផលិតកម្ម សកម្មភាពរបស់ស្ថាប័នតំណាងអចិន្ត្រៃយ៍នៅឯបរទេសក៏ដូចជាលើកកម្ពស់គុណភាពនៃការគ្រប់គ្រងការផ្សព្វផ្សាយ ស្វ័យភាពហិរញ្ញវត្ថុការវិនិយោគឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធព័ត៌មានផងដែរ។
នៅចុងបញ្ចប់នៃជំនួបនេះ អគ្គនាយករង លោក Vu Hai បានមានប្រសាសន៍ថានាពេលខាងមុខនេះ វិទ្យុសម្លេងវៀតណាមនឹងបន្តជួយឧបត្ថម្ភក្រសួងព័ត៌មាននិងបណ្តាវិទ្យុកម្ពុជាលើផ្នែកបុគ្គលិកនិងបច្ចេកទេសសម្រាប់វិទ្យុនិងទូរទស្សន៍តាមរយៈកម្មវិធីអន្តររដ្ឋាភិបាល៕
(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)



មតិពីមិត្តអ្នកអាន