យុគសម័យ - នាថ្ងៃទី២៧ខែតុលា គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh (នៃប្រទេសវៀតណាម) និងរដ្ឋបាលខេត្តកំពង់ចាម (នៃព្រះរាជាណាចក្រកម្ពុជា) បានសហការរៀបចំកិច្ចប្រជុំបូកសរុបការងារអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្តទាំងពីរ ដំណាក់កាល ខែកញ្ញាឆ្នាំ ២០១២ - ខែកញ្ញា ២០១៨ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ដំណាក់កាល ២០១៨ - ២០២២។
ថ្នាក់ដឹកនាំខេត្ត Tay Ninh និងខេត្តកំពង់ចាម ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ (រូបថតៈ Nhandan.com.vn)
អញ្ជើញថ្លែងមតិអបអរសាទរកិច្ចប្រជុំនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan បានជូនពរខេត្ត កំពង់ចាមទទួលបានសមិទ្ធផលជាច្រើនក្នុងការកសាងនិងអភិវឌ្ឍចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែទទួលបានផ្លែផ្កានិងមានការអភិវឌ្ឍយ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
លោករូបនេះបានអះអាងថា សាមគ្គីភាពនិងការជួយគ្នាទៅវិញទៅមករវាងវៀតណាមនិងកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងបណ្តាខេត្តជាប់ព្រំដែន ដោយមិនត្រឹមតែបានសម្តែងដោយភាពសម្តីផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងតាមរយៈសកម្មភាពជាក់ស្តែងដោយកម្មវិធីសហប្រតិបត្ដិការតែម្តង។
ចំណែក អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានឯកភាពជាមួយរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងរវាងខេត្តទាំងពីរដំណាក់កាល ២០១២ - ២០១៨ ព្រមទាំងឯកភាពខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការដំណាក់កាល ២០១៨ - ២០២២ រវាងខេត្តទាំងពីរ។ លោកបានថ្លែងថា ថ្វីត្បិតតែខេត្ត Tay Ninh និងខេត្តកំពង់ចាម មិនបានជាប់ព្រំប្រទល់ជាមួយគ្នាក៏ដោយ ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរនៅតែបន្តសម្របសម្រួលការងារពាក់ព័ន្ធនានា តាមរយៈការផ្លាស់ប្តូរនិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាពផងដែរ។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានចុះហេត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤ ដូចជា កិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ; កិច្ចសហប្រតិបត្តិការលើវិស័យកសិ - រុក្ខ - ជលផល; កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ បណ្ដុះបណ្ដាល វប្បធម៌ សង្គម បរិស្ថាន; កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតនៅកម្ពុជានាសម័យសង្គ្រាមជាដើម៕
(យោងតាម nhandan.com.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន