យុគសម័យ - អង្គការសហប្រជាជាតិបានចាត់ទុកប្រទេសវៀតណាមជាច្រើនលើកច្រើនសារថាជា“ គំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងសម្រាប់ប្រទេសដែលបានងើបចេញពីភាពក្រីក្រ និងពីការបំផ្លាញសង្គ្រាម” ហើយបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
សម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (GA75) នឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី ២១ ខែកញ្ញាខងមុខនេះ។ មុនព្រឹត្តិការណ៍ដ៏សំខាន់នេះ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានធ្វើបទសម្ភាសន៍ជាមួយលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អំពីព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់អង្គការសហប្រជាជាតិ ព្រមទាំងសំដែងអំពីតួនាទីរបស់វៀតណាមនិងកត្តារួមចំណែកដ៏សំខាន់នៅអង្គការសហប្រជាជាតិសម្រាប់ភាពជោគជ័យរបស់វៀតណាមក្នុងអង្គការពហុភាគីនេះ។
ទាក់ទងនឹងព្រឹត្តិការណ៍គួរឱ្យចងចាំក្នុងដំណើរ ៧៥ ឆ្នាំរបស់អង្គការសហប្រជាជាតិ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានឲ្យដឹងថា៖ «ទីមួយគឺអង្គការសហប្រជាជាតិបានបង្កើត«ច្បាប់ល្បែងរួមមួយ» ដោយមានអនុសញ្ញាជាង ១០០ និងសន្ធិសញ្ញាអន្តរជាតិប្រមាណ ៥៨០ ដែលត្រូវបានរក្សាទុកនិងចុះឈ្មោះនៅអង្គការសហប្រជាជាតិ ដោយបង្កើតជា«ឆ្អឹងខ្នង» នៃច្បាប់អន្តរជាតិ។ ច្បាប់អន្ដរជាតិគឺជាច្បាប់ទូទៅនៃ«ល្បែង» ដែលគ្រប់គ្រងឥរិយាបថរបស់ប្រទេសទាំងអស់ក៏ដូចជាអង្គការនិងបុគ្គលនៅពេល គេចូលរួមក្នុងសកម្មភាពអន្តរជាតិ។ ខ្ញុំបានគិតថានេះគឺជាសមិទ្ធិផលដ៏សំខាន់បំផុត។ ទីពីរគឺថាអង្គការសហប្រជាជាតិទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យអភិវឌ្ឍន៍។ បន្ថែមលើទិសដៅអភិវឌ្ឍន៍របស់មនុស្សជាតិទាំងអស់ជាពិសេសបន្ទាប់ពីសង្គ្រាមត្រជាក់ អង្គការសហប្រជាជាតិបានកំណត់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ហើយឥឡូវនេះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាក្របខ័ណ្ឌសំខាន់ដែលតម្រង់ទិសដៅសម្រាប់ប្រទេសទាំងអស់អនុវត្តតាម។
ទីបីគឺសមិទ្ធិផលរបស់អង្គការសហប្រជាជាតិស្តីពីសន្តិសុខ។ អង្គការសហប្រជាជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការមិននាំឱ្យមានសង្គ្រាមលោកលើកទី ៣ ខណៈពេលដែលគ្រប់គ្រងបានយ៉ាងល្អនូវអាវុធប្រល័យលោកផងដែរ។ ទាំងនេះគឺជាសមិទ្ធិផលទាំងបីរបស់អង្គការសហប្រជាជាតិដែលខ្ញុំគិតថាមិនអាចបដិសេធបានឡើយ»។
ប្រទេសវៀតណាមត្រូវបានគេកោតសរសើរជាដៃគូដ៏រឹងមាំរបស់អង្គការសហប្រជាជាតិ
វាយតម្លៃពីតួនាទីរបស់វៀតណាមនៅក្នុងយន្តការនិងវេទិការបស់អង្គការសហប្រជាជាតិជាពិសេសនៅក្រុមប្រឹក្សាសន្តិសុខជាសមាជិកមិនអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិលោក ឯកអគ្គរដ្ឋ ទូត Dang Dinh Quy បានមានប្រសាសន៍ថា៖ “យើងបានចូលជាសមាជិកអង្គការសហប្រជាជាតិជាផ្លូវការចាប់តាំងពីឆ្នាំ ១៩៧៧ ហើយថ្មីៗនេះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអបអរសាទរប្រទេសវៀតណាមក្នុងគម្រប់ខួប ៧៥ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ហើយលោកបានមានប្រសាសន៍ថាវៀតណាមគឺជាដៃគូដ៏រឹងមាំរបស់អង្គការសហប្រជាជាតិ ហើយតាមភាពពិតជាក់ស្តែង យើងចូលរួមយ៉ាងសកម្មតាំងពីដើមដំបូងតែម្តង។ ម្យ៉ាងវិញទៀត វៀតណាមមិនត្រឹមតែចូលរួមក្នុងវិស័យអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងធ្លាប់បានអង្គការសហប្រជាជាតិលើកយកមកនិយាយជាច្រើនដងថាជា “គំរូនៃប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសដែលងើបឡើងពីភាពក្រីក្រ និងពីការបំផ្លិចបំផ្លាញនៃសង្រ្គាម” រួមទាំងបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម។ នៅក្នុងផ្នែកសន្តិសុខក៏ដូច្នេះដែរ វៀតណាមចូលរួមកាន់តែសកម្មច្រើនឡើងៗនៅពេលចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៀតវៀតណាមក៏ចូលរួមបណ្តាយន្តការ ដែលមានលក្ខណៈសម្រេចខ្ពស់បំផុតលើគោលនយោបាយរបស់អង្គការសហប្រជាជាតិ ដូចជាក្រុមប្រឹក្សាសន្តិសុខជាដើម។ ក្នុងអាណត្តិ វៀតណាមបានបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ ហើយក្នុងអាណាត្តិនេះ វៀតណាមក៏ត្រូវបានគេវាយតម្លៃថាជាដៃគូដ៏សកម្មទៀតផង”។
ក្រៅពីនេះ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានជម្រាបអំពីកត្តាខ្លះដែលបានជួយឲ្យវៀតណាមទទួលបានការគាំទ្រនិងជោគជ័យនៅក្នុងអង្គការពហុភាគី ដែលជាអង្គការមានប្រទេសសមាជិកជាង ១៩០ ដូចជាអង្គការសហប្រជាជាតិផងដែរ។ ជាក់ស្តែងលោកឯកអគ្គរដ្ឋទូត Dang Dinh Quy មានកត្តាចំនួន ៣ រួមមាន៖ “ទីមួយ វៀតណាមធ្លាន់មានប្រពៃណីក្នុងការតស៊ូប្រយុទ្ធការពារប្រទេសជាតិយ៉ាងអង់អាចក្លាហានក្នុងពេលអតីតកាលរួចមកហើយ ហើយរូបភាពនៃការតស៊ូរបស់ប្រជាជន វៀតណាម ការលះបង់របស់ប្រទេសជាតិវៀតណាមនៅតែជាគំរូមួយសម្រាប់ក្រុមជនជាតិទាំងអស់ ដើម្បីជំនះពុះពាលលើភាពក្រីក្រ និងឆ្ពោះទៅរកការអភិវឌ្ឍមាតុភូមិ។ កត្តាទី ២គឺដោយសារប្រទេសវៀតណាមបានធ្វើការផ្លាស់ប្តូរថ្មី និងបើកប្រទេសដោយជោគជ័យនិងប្រកាន់ខ្ជាប់តាមច្បាប់អន្តរជាតិព្រមទាំងជម្រុញបង្កើតសមិទ្ធិផលនានា ដែលប្រទេសនានាវាយតម្លៃខ្ពស់ចំពោះការកាត់បន្ថយភាពក្រីក្រ និងអំពីកំណើនក៏ដូចជាមានការខិតខំប្រឹងប្រែងខាងលើកកំពស់សុខុមាលភាពសង្គមសម្រាប់ប្រជាជនតាមពាក្យស្លោកថា «មិនទុកឲ្យនរណាម្នាក់ត្រូវបានបំភ្លេចចោលទេ» ហើយនាបច្ចុប្បន្ននេះយើងកំពុងធ្វើបានយ៉ាងល្អនូវគោលដៅសហស្សវត្សរ៍ផងដែរ។ រីឯទីបីវិញ គឺជាប្រតិបត្តិខាងកិច្ចការបរទេស របស់យើង។ យើងមានឥរិយាបទល្អជាមួយបណ្តាប្រទេសមហាអំណាច ក៏ដូចជាមានទំនាក់ទំនងដ៏ស្មោះត្រង់ជាមួយប្រទេសមិត្តជាប្រពៃណី និងជាមួយប្រទេសទាំងអស់ជុំវិញពិភពលោកផងដែរ។ ហេតុដូច្នេះគេមិនចាត់ទុកវៀតណាមត្រឹមតែជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ប៉ុណ្ណោះទេថែមទាំងជាមិត្តដែលគួរឱ្យទុកចិត្ត និងមានអាកប្បកិរិយាល្អទៀតផង។ ខ្ញុំគិតថានេះជាកត្តាសំខាន់ចំនួន ៣ ដែលធ្វើឱ្យវៀតណាមត្រូវបានគេយកចិត្តទុកដាក់ខ្ពស់នៅលើវេទិកាពហុភាគីជាពិសេសនៅអង្គការសហប្រជាជាតិផងដែរ»៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន