យុគសម័យ - រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសចំនួន ១៥ ដែលចូលរួមក្នុងការចរចារលើកិច្ចព្រមព្រៀង RCEP បានពិភាក្សាគ្នា ដើម្បីជំរុញការចរចារកិច្ចព្រមព្រៀងនេះដោយឆ្ពោះទៅរកលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំ ២០២០ ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំ RCEP។
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ
នាថ្ងៃទី ២៧ ខែសីហា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច RCEPលើកទី ៨ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដែលដឹកនាំដោយ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ដើម្បីធ្វើការពិភាក្សា និងជំរុញការចរចាលើកិច្ចព្រមព្រៀង RCEP ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនាចុងឆ្នាំ ២០២០ តាមការណែនាំរបស់ថ្នាក់ដឹកនាំ RCEP ។ អញ្ជើញថ្លែងបើកកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Tran Tuan Anh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកចរចារ នៃកិច្ចព្រមព្រៀង RCEP តាំងពីដើមឆ្នាំមក។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh
ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ ១៩ មិនត្រឹមតែជាវិបត្តិសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាវិបត្តិសង្គម និងសេដ្ឋកិច្ចទៀតផង។ លោកបានថ្លែងថាផលប៉ះពាល់ជាអវិជ្ជមាននៃវិបត្តិមកលើសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា ប្រទេសនានាចាំបាច់ត្រូវរួមសហការគ្នា ដើម្បីពង្រឹងនិងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបបត្តិជំងឺកូវីដ ១៩ ដែលក្នុងនោះកិច្ចព្រមព្រៀង RCEP នឹងដើរតួយ៉ាងសំខាន់។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងបញ្ជូនសារដ៏សំខាន់ដល់ពិភពលោកអំពីកម្លាំងរបស់តំបន់ និងបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ប្រទេសនានា ក៏ដូចជាការគាំទ្រ ចំពោះយន្តការពាណិជ្ជកម្មពហុភាគីបើកចំហរ និងផ្អែកលើច្បាប់ផងដែរ។ គួរបញ្ជាក់ថាបណ្ដារដ្ឋមន្រ្តីបានកត់សម្គាល់អំពីការខិតខំប្រឹងប្រែងនិងវឌ្ឍនភាពនៅក្នុងកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀង RCEP ព្រមទាំងអះអាងថា កិច្ចព្រមព្រៀងនេះអាចត្រូវបានចុះហត្ថលេខានៅកិច្ចប្រជុំកំពូល RCEP លើកទី ១៤ នាខែខែវិច្ឆិកាខាងមុខផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)


មតិពីមិត្តអ្នកអាន