យុគសម័យ - នាព្រឹកថ្ងៃទី ២៤ សីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានបើកសិក្ខាសាលាវិទ្យាសាស្ត្រក្រោមមូលបទថា “ រយៈពេល ៧៥ ឆ្នាំនៃការទូតវៀតណាម៖ មេរៀនបទពិសោធន៍ និងការតំរង់ទិស” ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh
ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតវិស័យការទូតវៀតណាម (១៩៤៥-២០២០) នាព្រឹកថ្ងៃទី ២៤ ខែសីហា នៅទីក្រុងហាណូយក្រសួងការបរទេសវៀតណាម បានបើកសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី“ រយៈពេល ៧៥ ឆ្នាំនៃការទូតវៀតណាម៖ មេរៀនបទពិសោធន៍ និងការតម្រង់ទិសដៅនៅក្នុងយុគសម័យយុទ្ធសាស្ត្រថ្មី»។ សិក្ខាសាលានេះមានគោលបំណងវាយតម្លៃយ៉ាងសត្យានុម័តចំពោះការរួមចំណែករបស់វិស័យនេះក្នុងបុព្វហេតុនៃការកសាងនិងការពារប្រទេសជាតិ ព្រមទាំងបន្តបូកសរុបនូវបទពិសោធនិងមេរៀននៃការទូត ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក និងកសាងការតំរង់ទិសសម្រាប់ការអភិវឌ្ឍវិស័យការទូត ក្នុងបរិបទនៃយុទ្ធសាស្ត្រថ្មីរបស់ប្រទេសជាតិ ជាពិសេសគឺយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ និងទិសដៅដល់ឆ្នាំ ២០៤៥ ផងដែរ។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលានោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា សមិទ្ធិផលនៃការទូត គឺជា“ ចំណុចភ្លឺ” នៅក្នុងសមិទ្ធិផលរួមទាំងអស់របស់ប្រទេសជាតិ ព្រមទាំងអះអាងពីភាពត្រឹមត្រូវនៃគោលមាគ៌ាកិច្ចការបរទេសដោយឯករាជ្យខ្លួនទីពឹងខ្លួន ពិពិធកម្ម ពហុភាគីនិយម និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមផងដែរ។ លោក Pham Binh Minh បានមានប្រសាសន៍ថា៖“ ពីប្រទេសមួយដែលគ្មានឈ្មោះនៅលើផែនទីពិភពលោក រហូតមកដល់ពេលនេះវៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ និងចូលរួមចំណែកដោយមានការទទួលខុសត្រូវចំពោះកិច្ចការពិភពលោក ក្នុងឋានៈកាន់តែខ្ពស់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ពីប្រទេសមួយដែលត្រូវបានឡោមព័ទ្ធនោះ ប៉ុន្តែឥឡូវនេះ វៀតណាមបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងមានស្ថេរភាព និងយូរអង្វែងជាមួយដៃគូយុទ្ធសាស្ត្រនិងដៃគូគ្រប់ជ្រុងជ្រោយចំនួន ៣០ ព្រមទាំងពង្រីកនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយប្រទេសដទៃទៀត ជាពិសេសគឺដៃគូដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះការអភិវឌ្ឍសន្តិសុខរបស់ប្រទេសជាតិ ក៏ដូចជាបង្កើនផលប្រយោជន៍រួមក្នុងទំនាក់ទំនងរវាងវៀតណាមនិងប្រទេសដទៃទៀតផង។ វៀតណាមបានក្លាយជាបណ្តាញតភ្ជាប់សេដ្ឋកិច្ចដ៏សែនសំខាន់ក្នុងតំបន់និងពិភពលោកជាច្រើន ដោយបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗជាច្រើន ដោយហេតុនេះបង្កើតកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍន៍ផងដែរ»។
អង្គប្រជុំថតរូបទុកជាអនុស្សាវរីយ៍
បើតាមលោកឧបនាយករដ្ឋមន្ត្រី សមិទ្ធផលដ៏រុងរឿងដែលសម្រេចបានក្នុងរយៈពេល ៧៥ ឆ្នាំនៃការរីកចម្រើននិងការអភិវឌ្ឍបានបង្ហាញយ៉ាងច្បាស់ពីតួនាទីនិងឋានៈនៃវិស័យការទូតនិយាយរួម និងកិច្ចការបរទេសនិយាយដោយឡែកក្នុងបុព្វហេតុនៃបដិវត្តន៍របស់ប្រទេសជាតិ។ លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថាវិស័យការទូត កំពុងឈានដល់ដំណាក់កាលយុទ្ធសាស្រ្តថ្មីរបស់ប្រទេសជាមួយនឹងផ្នត់គំនិតថ្មី។ គោលជំហរនិងអំណាចរបស់ប្រទេសត្រូវបានពង្រឹងកាន់តែខ្លាំងឡើងដោយសមិទ្ធិផលនិងបទពិសោធន៍ជិត ៣៥ ឆ្នាំនៃការច្នៃប្រឌិតនិងសមាហរណកម្ម។ ដូចអ្វីដែលលោកប្រធានហូជីមិញបានផ្តល់អនុសាសន៍ថា «យើងមានសិទ្ធិមានមោទនភាពតែយើងមិនគួរតែពេញចិត្តជាមួយនឹងអ្វីដែលសំរេចបាននោះឡើយ»។ ដោយសារតែនៅក្នុងយុគសម័យយុទ្ធសាស្ត្រថ្មីរបស់ប្រទេស បរិយាកាសកិច្ចការបរទេសមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយនិងស្មុគស្មាញដោយមិនអាចទាយទុកជាមុនបាន ហើយឱកាសកាន់តែច្រើនប៉ុន្តែបញ្ហាប្រឈមក៏មានការកើនឡើងផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនិងជាពិសេសចាប់ពីដើមឆ្នាំ ២០២០ ជាមួយនឹងផលប៉ះពាល់នៃរោគរាតត្បាត Covid-19 ស្ថានភាពពិភពលោកនិងក្នុងតំបន់ កំពុងតែមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស៊ីជម្រៅ ដែលមិនអាចទាយទុកជាមុនបានឡើយ។ សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ នៅតែជាសេចក្តីប្រាថ្នារបស់ប្រជាជនទាំងអស់នៅលើពិភពលោក ប៉ុន្តែពិភពលោកនិងតំបន់កំពុងប្រឈមនឹងបញ្ហាជាច្រើនទៀត រួមទាំងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅក្នុងពិភពលោកនិងការប្រកួតប្រជែងខាងបង្កើនយុទ្ធសាស្ត្រនៃបណ្តាប្រទេសមហាអំណាច រួមទាំងបញ្ហាប្រឈមនៃសន្តិសុខនៅសមុទ្រកោះ ជាពិសេសគឺការវិវឌ្ឍន៍ដ៏ស្មុគស្មាញក្នុងបញ្ហាសមុទ្រខាងកើតការលេចចេញនូវបញ្ហាសន្តិសុខមិនមែនប្រពៃណី ដូចជាការរីករាលដាលនៃជំងឺរាតត្បាតសកល សន្តិសុខ ធនធានទឹក បរិស្ថានជាដើម ក៏បាននិងកំពុងជះឥទ្ធិពលដោយផ្ទាល់និងពហុភាគីទៅលើបរិស្ថានសន្តិសុខនិងការអភិវឌ្ឍន៍របស់វៀតណាម។
ក្នុងបរិបទនោះ កិច្ចការបរទេសបានដើរតួនាទីឈានមុខគេកាន់តែខ្លាំងឡើងក្នុងការធានាបរិយាកាសសន្តិភាពនិងអំណោយផលសម្រាប់ការអភិវឌ្ឍន៍; ការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីយ៉ាងរឹងមាំ។ ទន្ទឹមនឹងវិស័យការពារជាតិនិងសន្តិសុខកិច្ចការបរទេសក៏ជាការងារសំខាន់និងទៀងទាត់ដោយមានការចូលរួមពីគ្រប់ក្រសួង មន្ទីរ អង្គភាពមូលដ្ឋាន អាជីវកម្ម និងប្រជាជនក្នុងបរិបទប្រទេសវៀតណាមធ្វើសមាហរណកម្មអន្តរជាតិកាន់តែច្រើនឡើងៗផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)


មតិពីមិត្តអ្នកអាន