យុគសម័យ - នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២២ ខែកក្កដា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានប្រកាសរួមគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងនូវែលសេឡង់ជាផ្លូវការ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការ អភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអស់រយៈពេលជិតកន្លះសតវត្សរ៍ហើយបានស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មព្រមទាំងខិតខំធ្វើឱ្យមានទំហំពាណិ ជ្ជកម្មទ្វេភាគីពីជាង ១ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩ ឡើងដល់ ២ ពាន់លានដុល្លារអាមេរិក / ឆ្នាំ។ ទន្ទឹមនឹងនេះភាគីទាំងពីរក៏បានរួមគ្នាចែក រំលែកការកសាងពាណិជ្ជសញ្ញា និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃនៃផ្លែឈើមួយចំនួនដើម្បីឈានដល់ទីផ្សារ ដែលមានលក្ខខ័ណ្ឌស្តង់ដារខ្ពស់ផងដែរ។
នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern
រីឯខ្លួនវិញនាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern បានអបអរសាទរចំពោះប្រទេស វៀតណាមដែលបានឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយជោគជ័យហើយលោកស្រីក៏បង្ហាញ នូវចំណាប់អារម្មណ៍លើវិធានការណ៍បង្ការនិងទព់ស្កាត់ជំងឺឆ្លងយ៉ាងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាពលរដ្ឋបរទេសនៅក្នុងវៀតណាម ផងដែរ។ ទន្ទឹមនឹងនេះលោកស្រីបានជឿជាក់ថាការគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសទាំងពីរ នឹងបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរឈានទៅស្តារការតភ្ជាប់និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលឆាប់ៗនេះ។ លើកពីនេះទៀត លោកស្រី Jacinda Ardern បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកសកម្មរបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក៏ដូចជាសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។
ទិដ្ឋភាពនៃជំនួនពិភាក្សានេះតាមប្រព័ន្ធវីដេអូ
នៅឯកិច្ចពិភាក្សានេះដែរ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូតាម បណ្តាញការទូតនិងជួបប្រជុំជាទៀងទាត់រវាងនាយករដ្ឋមន្រ្តីទាំងពីរ។ ភាគីទាំងពីរក៏ បញ្ជាក់ពីការប្តេជ្ញា ចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ព្រមទាំង បន្តសម្តែងការព្រួយបារម្ភអំពីការវិវត្តនៅសមុទ្រខាងកើត ហើយ ភាគីទាំងពីរបានបញ្ជាក់ពីសារ សំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍ និង អាកាស ចរណ៍ និងការដោះស្រាយជំលោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ នៅក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សានេះភាគីទាំងពីរបានប្រកាសឯកសារសហប្រតិបត្តិការចំនួន ៤ ក្នុងវិស័យ កសិ-រុក្ខាកម្ម-ប្រមាញ់នេសាទ អប់រំ និងហិរញ្ញវត្ថុជាដើម៕
(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: VGP)



មតិពីមិត្តអ្នកអាន