យុគសម័យ - នាថ្ងៃទី ១៧ មិថុនា ក្នុងសន្និសីទប្រកាសលទ្ធផលនៃជំនួបតាមប្រព័ន្ធអ៊ីនធឺណេតរវាងរដ្ឋមន្រ្តីរុស្ស៊ីនិងបណ្តាប្រទេសសមាជិកអាស៊ានស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានសង្កត់ធ្ងន់ថារុស្ស៊ីនឹងគាំទ្រវៀតណាមយ៉ាងសកម្មក្នុងនាមជាប្រធានអាស៊ាន ព្រមទាំងបញ្ជាក់ថាវៀតណាមដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងអាស៊ាន។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ vnanet)
ក្នុងសន្និសីទកាសែតលោក Sergei Lavrov បានបញ្ជាក់ថា រុស្ស៊ីបានកោតសរសើរចំពោះទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាម។ លោកបានសង្កត់ធ្ងន់ថានេះគឺជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយផែនការយុទ្ធសាស្ត្រជាច្រើននិងផ្អែកលើមូលដ្ឋានគ្រឹះរឹងមាំនៃចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរក្នុងទសវត្សកន្លងមក។
ក្នុងរយៈពេលបច្ចុប្បន្ននៅពេលដែលវៀតណាមកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏កំពុងខិតខំពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដូចដែលអ្វីបានប្រកាសនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរុស្ស៊ី - អាស៊ាន។ លោក Lavrov បានឲ្យដឹងថារុស្ស៊ីកំពុងត្រៀមខ្លួនយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលរៀបចំឡើងដោយប្រទេសវៀតណាមដែល គេរំពឹងថានឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងខែវិច្ឆិកាឆ្នាំនេះ។ លោក Lavrov បានចែករំលែក «យើងកំពុងត្រៀមខ្លួនដាក់ជូនប្រធានាធិបតីនិងថ្នាក់ដឹកនាំរដ្ឋាភិបាលសម្រាប់ការអនុម័តលើឯកសារជាច្រើនរួមទាំងគំនិតផ្តួចផ្តើមរបស់រុស្ស៊ីរួមទាំងភាពចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលគ្នារវាងរុស្ស៊ីនិងអាស៊ាននៅក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩”។
ទាក់ទងនឹងតួនាទីវៀតណាមជាស្ពានតភ្ជាប់រវាងរុស្ស៊ីនិងអាស៊ាន អ្នកការទូតឈានមុខរុស្ស៊ីរូបនេះបានបន្ថែមទៀតថាបើយោងតាមគោលការណ៍ រុស្ស៊ីបានកំណត់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាននិងវៀតណាម ដើរតួនាទីយ៉ាងសំខាន់ក្នុងរយៈពេលនេះ។ លោក Lavrov មានប្រសាសន៍ថា“ យើងនឹងពឹងផ្អែកលើវៀតណាមហើយប្រទេសដទៃទៀតដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនេះ”។ ប្រទេសវៀតណាមគឺជាប្រទេសអាស៊ានដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ។
បន្ទាប់ពីប្រទេសវៀតណាម ប្រទេសសមាជិកអាស៊ានមួយចំនួនផ្សេងទៀតបានចាប់ផ្តើមចរចាដំណើរការនេះគឺប្រទេសសឹង្ហបូរី ហើយអាស៊ានដែលជាសមាគមមួយក៏មានចំណាប់អារម្មណ៍ផងដែរក្នុងការស្វែងរកលទ្ធភាពនៃការចាប់ផ្តើមកិច្ចពិភាក្សាសេរីភាវូបនីយកម្មពាណិជ្ជកម្មជាមួយសហភាពសេដ្ឋកិច្ចអាស៊ី -អឺរ៉ុបផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: nhandan.com.vn)

មតិពីមិត្តអ្នកអាន