យុគសម័យ - នារសៀលថ្ងៃទី ១៨ មិថុនានៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានប្រគល់ឯកសារប្រកាសអំពីការអនុម័យរបស់វៀតណាមលើកិច្ចព្រមព្រៀង EVFTA និង EVIPA ដល់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញប្រគល់ឯកសារស្តីពីការផ្តល់សច្ចាប័នរបស់វៀតណាមលើកិច្ចព្រមព្រៀង EVFTA និង EVIPA ដល់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក Giorgio Aliberti (រូបថត៖ baoquocte)
នាថ្ងៃទី ១៨ ខែមិថុនា ក្រសួងការបរទេសវៀតណាមសហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រសួងផែនការនិងវិនិយោគ រួមទាំងគណៈទាក់ទងបរទេសនៃរដ្ឋសភាវៀតណាម បានប្រគល់កំណត់ទូត ដែលប្រកាសអំពីការផ្តល់សច្ចាប័នរបស់វៀតណាមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគអឺរ៉ុប-វៀតណាម (EVIPA) សម្រាប់ក្រុមបេសកកម្ម សហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងហាណូយ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់លើការសម្រេចចិត្ត របស់សភាអឺរ៉ុបក្នុងការអនុម័តលើកិច្ចព្រមព្រៀង EVFTA និង EVIPA នៅខែកុម្ភៈឆ្នាំ ២០២០ និងការសម្រេចចិត្តផ្តល់សច្ចាប័នរបស់រដ្ឋសភាវៀតណាមដោយបញ្ជាក់យ៉ាងច្បាស់នូវបំណងប្រាថ្នាផលប្រយោជន៍ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរដើម្បីបន្តលើកកម្ពស់និងពង្រីក ថែមទៀតនូវកិច្ចស ហប្រតិបត្តិការនិងទំនាក់ភាពជាដៃគូរវាងវៀតណាមនិង EU បន្ទាប់ពីរយៈពេល ៣០ ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូត។
លោក Bui Thanh Son បានស្នើថាក្រសួងស្ថាប័នពាក់ព័ន្ធរបស់វៀតណាមនិង EU បន្តសម្របសម្រួលគ្នា យ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង EVFTA ចូលជាធរមានឲ្យបានឆាប់ៗនេះ ដោយនាំមកនូវផល ប្រយោជន៍ជាក់ស្តែងដល់ប្រជាជននិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ លោក ក៏បានស្នើឱ្យ ប្រទេសជាសមាជិកសហភាពអឺរ៉ុបបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
តំណាងទាំងឡាយដែលចូលរួមក្នុងពិធីនេះ (រូបថត៖ baoquocte)
ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក Giorgio Aliberti បានអបអរសាទរចំពោះរដ្ឋសភា និងរដ្ឋាភិបាលវៀតណាមដែលបានបញ្ចប់ដំណើរការអនុម័តលើកិច្ចព្រមព្រៀង EVFTA និង EVIPA ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថាការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបង្កើតក្របខ័ណ្ឌសំខាន់ៗដើម្បីជំរុញពាណិជ្ជកម្មវិនិយោគនិងទំនាក់ទំនងពហុភាគីរវាងវៀតណាមនិង EU ។ ភាគី EU បានអះអាងថានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីអនុវត្តកិច្ច ព្រមព្រៀង EVFTA ប្រកបដោយប្រសិទ្ធភាពនិងលើកទឹកចិត្តប្រទេសជាសមាជិកឱ្យផ្តល់សច្ចាប័នដល់ EVIPA ឲ្យបានឆាប់ៗនេះ។
កិច្ចព្រមព្រៀង EVFTA និង EVIPA គឺជាកិច្ចព្រមព្រៀងការពារពាណិជ្ជកម្ម និងវិនិយោគដោយសេរីនិងមានការប្តេជ្ញាចិត្តខ្ពស់និងទូលំទូលាយ។ យោងតាមការស្រាវជ្រាវរបស់ក្រសួង ផែនការនិង វិនិយោគកិច្ចព្រមព្រៀងនានាត្រូវបានគេរំពឹងថានឹងជំរុញផលិតផលក្នុងស្រុកសរុបរបស់ វៀតណាម ៤,៦% និងនាំចេញទៅសហភាពអឺរ៉ុបចំនួន ៤២,៧ % នៅឆ្នាំ ២០២៥ ។ ផលិតផល ក្នុងស្រុកសរុបរបស់សហភាពអឺរ៉ុបនឹងកើនឡើង ២៩,៥ ពាន់លានដុល្លារអាមេរិកហើយការនាំចេញ ទៅប្រទេសវៀតណាមនឹងកើនឡើង ២៩ % នៅឆ្នាំ ២០៣៥ ។
គួរបញ្ជាក់ថាយោងតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះបន្ទាប់ពីប្រទេសវៀតណាមបានផ្តល់កំណត់ទូតជាផ្លូវការនូវសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងពីរនោះ EVFTA នឹងចូលជាធរ មាននៅថ្ងៃទី ១ ខែសីហា។ កិច្ចព្រមព្រៀង EVIPA នឹងចូលជាធរមានបន្ទាប់ពីត្រូវបានផ្តល់សច្ចាប័ន ដោយសភានៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)


មតិពីមិត្តអ្នកអាន