យុគសម័យ - ជំងឺរាតត្បាត COVID - 19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច-សង្គមរបស់ប្រទេសនានាលើទូទាំងពិភពលោក។ សម្រាប់ប្រទេសវៀតណាម រោគរាតត្បាតលើកនេះ ថែមទាំងបណ្តាលមកនូវបញ្ហាប្រឈមមិនតិចឡើយ ខណៈពេលដែលវៀតណាមកំពុងកាន់ដំណែងជាប្រធានអាស៊ាន។ ថ្វីត្បិតដូច្នេះក៏ដោយ ក្នុងគ្រាលំបាកនិងការប្រឈមមុខនឹងបញ្ហាសាកល្បងទាំងនោះ វៀតណាមនៅតែបានអះអាងពីភាពម្ចាស់ការ របស់ខ្លួន រួមចំណែកជំរុញសាមគ្គីភាព ឯកភាព និងជួយគ្នាទៅវិញទៅមកក្នុងចំណោមបណ្តាប្រទេសអាស៊ាន និងរវាងអាស៊ានជាមួយដៃគូនានា សំដៅឆ្លើយតបនឹងរោគរាតត្បាត COVID - 19។
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលពិសេសអាស៊ានតាមរយៈប្រព័ន្ធវិដេអូ (រូបថតៈ VGP)
វៀតណាមកាន់ដំណែងជាប្រធានប្តូរវែនអាស៊ានចំទៅនឹងពេលវេលាពិសេស ខណៈដែល ជំងឺរាតត្បាត COVID - 19 បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើវិស័យសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាច្រើន។ ក្នុងបរិបទដែលស្ថានភាពជំងឺមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ វៀតណាមមិនត្រឹមតែដាក់ចេញវិធានការដើម្បីរាំងស្កាត់ជំងឺរាតត្បាតក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងម្ចាស់ការនិងមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកអាស៊ាននិងដៃគូនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាមានវិធានការសមស្រប ដើម្បីបំពេញល្អនូវតួនាទីជាប្រធានអាស៊ាន ២០២០ ទៀតផង។
ចាប់តាំងពីថ្ងៃដំបូងដែលជំងឺរាតត្បាតឆ្លងរាលដាលមក វៀតណាមបានម្ចាស់ការដឹកនាំ និងសម្របសម្រួលរាល់ការខិតខំប្រឹងប្រែងរបស់អាស៊ាន ក៏ដូចជាសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីគ្រប់គ្រង រាំងស្កាត់ការឆ្លងរាលដាលនិងកាត់បន្ថយហានីភ័យបណ្តាលមកពីជំងឺ។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានសម្របសម្រួលជាមួយប្រទេសជាសមាជិក ដើម្បីចេញសេចក្តីថ្លែងការណ៍ប្រធាន ស្តីពីការឆ្លើយតបរបស់អាស៊ានចំពោះជំងឺរាតត្បាត COVID - 19 ដោយព្រមានអំពីគ្រោះថ្នាក់នៃជំងឺដ៏កាចសាហាវនេះ ព្រមទាំងអះអាងពីការប្តេជ្ញាចិត្តនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ តាមរយៈការបើកកិច្ចប្រជុំជាច្រើនជាមួយដៃគូដទៃទៀត ដូចជា ចិន សហភាពអឺរ៉ុប អាមេរិកនិងអង្គការអន្តរជាតិនានា ដើម្បីរួមគ្នាគ្រប់គ្រងជំងឺ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំកំពូលពិសេសអាស៊ានតាមរយៈប្រព័ន្ធវីដេអូ (រូបថតៈ VGP)
ប្រឈមមុខនឹងស្ថានភាពជំងឺដែលមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក្នុងតំបន់អាស៊ាននិយាយរួមនិងលើពិភពលោកនិយាយដោយឡែកនោះ វៀតណាមបានដាក់ចេញសំណើរ ដោយស្នើដល់បណ្តាប្រទេសអាស៊ាន ពន្យាពេលនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន - នូវែលសេឡង់ ដែលគ្រោងប្រារព្ធចាប់ពីថ្ងៃទី ៦ ដល់ ៩ ខែមេសាឆ្នាំ ២០២០ នៅទីក្រុង Da Nang រហូតដល់ចុងខែមិថុនាឆ្នាំ ២០២០ ដើម្បីប្រទេសនានាផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹង COVID - 19 ព្រមទាំងធានាថា កិច្ចប្រជុំទាំងអស់នេះ នឹងត្រូវបានប្រារព្ធដោយសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព។ សំណើនេះត្រូវបានប្រទេសជាសមាជិកនិងដៃគូបណ្តាប្រទេសអាស៊ានគាំទ្រ ហើយបានវាយតម្លៃថា ត្រឹមត្រូវ ស្របតាមស្ថានភាពនៃការរីករាលដាល COVID - 19 ផងដែរ។
ទន្តឹមជាមួយគ្នានោះ វៀតណាមក៏ជំរុញការបង្កើតនិងការរៀបចំនៃកិច្ចប្រជុំលើកដំបូងតាមប្រព័ន្ធវិដេអូ (Video Conference) នៃក្រុមការងារសម្របសម្រួលអាស៊ាន ស្តីពីការឆ្លើយតបបន្ទាន់ផ្នែកសុខភាពសហគមន៍អាស៊ាន (នាថ្ងៃទី ៣១ ខែមេសា ឆ្នាំ ២០២០) ដើម្បីប្រមូលមតិលើអនុសាសន៍សម្រាប់ជំហាននិងសកម្មភាពសម្របសម្រួលបន្ត។ បន្ទាប់មក នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៥ (៩ មេសា ២០២០) ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ បណ្តាប្រទេសអាស៊ានបានគាំទ្រសំណើរបស់វៀតណាម ក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់តំបន់ សម្រាប់រាំងស្កាត់ជំងឺ COVID - 19 តាមរយៈការបង្កើតឃ្លាំងទុកបំរុងរបស់តំបន់ អំពីគ្រឿងបរិក្ខារពេទ្យនិងគ្រឿងផ្គត់ផ្គង់ចាំបាច់ ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់ និងដើម្បីអភិវឌ្ឍដំណើរការឆ្លើយតបជាទូទៅរបស់អាស៊ានក្នុងបណ្តាស្ថានភាពជំងឺរាតត្បាត ដោយឈរលើមូលដ្ឋានគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។
សារព័ត៌មានបរទេសបានកោតសរសើរគំនិតផ្តួចផ្តើម “ATM អង្ករ” របស់វៀតណាម។ (រូបថត៖ Reuters)
នាថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ វៀតណាមបានរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ប្រកបដោយជោគជ័យ ដើម្បីដាក់ចេញនូវការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត អះអាងស្មារតីសាមគ្គីភាព ការជួយគ្នាទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID - 19។ មេដឹកនាំទាំងអស់ បានវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាម ដែលបានរៀបចំកិច្ចប្រជុំទាំងនេះយ៉ាងសកម្មនិងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID - 19 ក្នុងតំបន់និងសហគមន៍អន្តរជាតិ។
ក្រៅពីសកម្មភាពដែលបានរៀបរាប់ខាងលើ ប្រទេសវៀតណាមក៏បង្ហាញថា ជាដៃគូប្រកបដោយទំនួលខុសត្រូវក្នុងតំបន់ តាមរយៈការផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសចិន ឡាវនិងកម្ពុជា ព្រមទាំងបញ្ចូនក្រុមវេជ្ជបណ្ឌិតទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយប្រទេសទាំងនេះក្នុងការគ្រប់គ្រងជំងឺរាតត្បាត COVID - 19 ទៀតផង។
ទោះបីជា នៅក្នុងប្រទេសជាតិមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន វៀតណាមកំពុងអះអាងនូវភាពម្ចាស់ការ និងការទទួលខុសត្រូវរបស់ខ្លួនដែលជាស្ពានតភ្ជាប់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត COVID - 19។ ជាមួយនឹងការស្រុះចិត្តគំនិតនិងការឯកភាពគ្នារបស់សមាជិកអាស៊ាន រួមទាំងកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីបណ្តាប្រទេសដៃគូ ពិតណាស់ថា ជំងឺរាតត្បាត COVID - 19 នឹងត្រូវបានគ្រប់គ្រងនិងត្រូវបានរុញថយក្រោយជាក់ជាពុំខាន៕
(ដោយវិច្ឆិកា)



មតិពីមិត្តអ្នកអាន