យុគសម័យ - នាថ្ងៃទី ១៤ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមបណ្តាញអ៉ីនធឺរណែត ដើម្បីពិភាក្សាអំពីស្ថានភាពនិងខ្លឹមសារនៃរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីសកម្មភាពរបស់ក្រុមបេសកម្មអង្គការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសកូឡុំប៊ី។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមបណ្តាញអ៉ីនធឺរណែត (រូបថត៖ UN)
អង្គាសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលកូឡុំប៊ីបន្តអនុវត្តវិធានការនានាដើម្បីធានាសន្តិសុខនិងសុវត្ថិភាពជូនប្រជាជន ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងសន្តិភាពរយៈពេលវែងធានាផលប្រយោជន៍របស់ក្រុមទាំងអស់ក្នុងសង្គមរួមទាំងការធ្វើសមាហរណកម្មអតីតយុទ្ធជន។
លោក David Santiago Cano បានឲ្យដឹងថា ប្រទេសកូឡុំប៊ីមានការផ្លាស់ប្តូរជាវិជ្ជមានបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាផ្តល់ក្តីសង្ឃឹមដល់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះនេះ។ នាបច្ចុប្បន្ននេះ ប្រជាជននៅតាមសហគមន៍មូលដ្ឋាននានា បានសហការយ៉ាងសកម្មជាមួយអតីតយុទ្ធជនដើម្បីចូលរួមក្នុងដំណើរការសន្តិភាពនិងកសាងជីវិតថ្មី។
ក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី ហើយជឿជាក់ថាការវឌ្ឍនភាពទាំងនេះនឹងរួមចំណែកក្នុងការធានាសន្តិសុខនិងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។
ទន្ទឹមនឹងនេះលោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្នើថា ក្រុមប្រដាប់អាវុធអនុវត្តបទឈប់បាញ់ជាយូរអង្វែង ឆ្ពោះទៅប្រទេសកូឡុំប៊ីមួយដោយគ្មានសង្គ្រាមដើម្បីសន្តិភាពនិងការអភិវឌ្ឍ ព្រមទាំងសម្តែងការគាំទ្រចំពោះអាទិភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានកំណត់នៅក្នុងរបាយការណ៍ជាប្រចាំផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់លោកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមបេសកម្មរបស់ អង្គការសហប្រជាជាតិប្រចាំនៅកូឡុំប៊ី ក្នុងការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន