ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក ផាមប៊ិញ មិញ (Pham Binh Minh) បានលើកឡើងនូវសំណើមួយចំនួន ដើម្បីជួយកិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) បង្កើនតួនាទីរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ខណៈពេលថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ASEM លើកទី១៤ នៅទីក្រុងម៉ាឌ្រីត កាលពីថ្ងៃទី១៦ ខែធ្នូ។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ASEM លើកទី១៤ នៅទីក្រុងម៉ាឌ្រីត កាលពីថ្ងៃទី១៦ ខែធ្នូ (រូបថត៖ VGP)
កិច្ចប្រជុំនេះ បានប្រមូលផ្តុំនូវរដ្ឋមន្ត្រីការបរទេស និងមន្រ្តីនៃសមាជិកអាស៊ាន ៥៣រូប ដែលរួមមាន៖ ប្រទេសអាស៊ីចំនួន២១ និងអឺរ៉ុបចំនួន៣០ប្រទេស សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន។
ក្នុងពិធីបើកសន្និសីទនេះ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell បានលើកឡើងពីតួនាទីរបស់ ASEM ខណៈជាយន្តការកិច្ចសហ-ប្រតិបត្តិការ ដែលមានសារៈសំខាន់ឈានមុខគេរវាងទ្វីបទាំងពីរ ដោយបាននាំមុខក្នុងការជំរុញពហុភាគីនិយម និងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ និងចូលរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
តាមលោកបានឱ្យដឹងថា ប្រធានបទដែលមានឈ្មោះថា « អាស៊ី និងអឺរ៉ុប » គឺរួមគ្នា ដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ដោយព្រឹត្តិការណ៍នេះនឹងអនុវត្តន៍នូវវិធានការជាក់ស្តែង ដើម្បីបន្តពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងសសរស្តម្ភទាំងបី នៃកិច្ចពិភាក្សានយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងទៀត។
ស្តេចអេស្បាញ ព្រះអង្គម្ចាស់ Felipe VI បានមានប្រសាសន៍ថា ASEM ត្រូវការធ្វើកំណែទម្រង់ កែលម្អប្រសិទ្ធភាពឆ្លើយតបរបស់ខ្លួន និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងរក្សាតម្លៃស្នូល ព្រមទាំងគោលការណ៍គ្រឹះរបស់ខ្លួន ដោយហេតុនេះបានបញ្ជាក់ពីតួនាទី ដែលមិនអាចខ្វះបាននៅក្នុងបរិបទផ្លាស់ ប្តូរយ៉ាងឆាប់រហ័សនេះ។
នៅក្នុងសម័យប្រជុំពេញអង្គ បន្ទាប់ពីពិធីបើក បណ្តារដ្ឋមន្រ្តីដែលបានចូលរួម បានចែករំលែក ទស្សនៈថា ASEM គួរតែដើរតួនាទីរបស់ខ្លួន ក្នុងការជំរុញពហុភាគី ការបង្រួបបង្រួមប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី នឹងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
អង្គប្រជុំក៏បានឯកភាពលើវិធានការណ៍ជាច្រើនផងដែរ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការASEM ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមដែលកំពុងកើនឡើង ជាពិសេសការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង ថាមពល ធនធានទឹក និងកាកសំណល់ប្លាស្ទិកសមុទ្រជាដើម។
លោកបានស្នើឱ្យមានកិច្ចពិភាក្សាកម្រិតខ្ពស់ ស្តីពីការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល ដែលត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២០។ សមាជិក ASEM ជាច្រើនរួមមាន៖ អូស្រ្តាលី ចិន ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន និង ន័រវែស បានគាំទ្រគំនិតផ្តួចផ្តើមនេះ។
នៅក្នុងសុន្ទរកថារបស់លោក លោក មិញ ក៏បានកត់សម្គាល់ផងដែរថា ក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២០-២០២១ និងជាប្រធានអាស៊ាននាឆ្នាំ២០២០ខាងមុខនេះ វៀតណាមនឹងបន្តរួមដៃគ្នាជាមួយសមាជិក ASEM ផ្សេងទៀត ដើម្បីពង្រឹងភាពរឹងមាំនៃប្រព័ន្ធពហុភាគី និងជំរុញភាពជាដៃគូ ASEM ក្នុងបញ្ហាសកល ដើម្បីផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ទាំងពីរ និងពិភពលោក៕
(ប្រភប៖ information.gov.kh - សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន