យុគសម័យ - នាយប់ថ្ងៃទី ២៤ ខែកញ្ញា កិច្ចប្រជុំលើកទី ៤ នៃប្រធានសភាអាស៊ី-អឺរ៉ុប (MSEAP 4) ដែលបានប្រារព្ធធ្វើឡើងនៅវិមានឯករាជ្យនៃរដ្ឋធានីនូរស៊ុលតង់ នៃប្រទេសកាហ្សាក់ស្ថាន បានបិទបញ្ចប់ ដោយបានចេញសេចក្តីថ្លែងការណ៍រួម។
លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំលើកទី ៤ នៃប្រធានសភាបណ្តាប្រទេសអាស៊ី-អឺរ៉ុប (រូបថត៖ TTXVN)
យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមដែលបានរាយការណ៍ពី MSEAP ៤ ថា សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំនេះ បានបញ្ជាក់ពីតួនាទីសំខាន់របស់សភានៃបណ្តាប្រទេសអាស៊ី - អឺរ៉ុប ក្នុងការរក្សាសកម្មភាពផ្សារភ្ជាប់ក្នុងតំបន់ ដើម្បីធានានូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយឈរលើមូលដ្ឋាននៃការគោរពសមភាពនិងគិតពីប្រយោជន៍រួមផង។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីទប់ទល់នឹងបញ្ហាប្រឈម ក្នុងនោះមានភេរវកម្មនិយម; ធានាសុវត្ថិភាពបណ្តាញ ប្រយុទ្ធប្រឆាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ បណ្តាលអស្ថិរភាពសន្តិសុខ និងប្រើប្រាស់អ៊ីនធឺណិតដើម្បីផ្សព្វផ្សាយគំនិតភេរវកម្មនិងគំនិតជ្រុលនិយមជាដើម។ សភានៃបណ្តាប្រទេសអាស៊ី-អឺរ៉ុបក៏បានអំពាវនាវឱ្យមានការសន្ទនាគ្នាដើម្បីដោះស្រាយការរំសាយអាវុធនុយក្លេ អ៊ែរ លើឧបទ្វីបកូរ៉េ រួមទាំងមានការសម្របសម្រួលយ៉ាងសកម្មនៅក្នុងបញ្ហារំសាយសព្វាវុធ។
នៅឯកិច្ចប្រជុំនេះ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គលើកទី ៤ ដោយអះអាងពីតួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់និងលើពិភពលោក ក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញ។ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានលើកកម្ពស់នូវប្រធានបទនៃកិច្ចប្រជុំនេះ គឺ “ការសន្ទនា ការជឿទុកចិត្តនិងភាពជាដៃគូ” ព្រមទាំងលើកឡើងអំពីគោលនយោបាយសមាហរណកម្មអន្តរជាតិសកម្មរបស់វៀត ណាមផង ដែរ។
អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee Sang (រូបថតៈTTXVN)
មុននោះ នៅខាងក្រៅនៃកិច្ចប្រជុំ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានទទួលជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee Sang។ នៅក្នុងជំនួបនេះ អនុប្រធានអចិន្ត្រៃយ៍ នៃរដ្ឋសភា លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ កូរ៉េខាងត្បូងនិងវៀតណាមគឺជាដៃគូឈានមុខគេលើគ្រប់វិស័យ។
អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអះអាងថា វៀតណាមស្វាគមន៍គោលនយោបាយការបរទេសថ្មីស្តីពីឆ្ពោះទៅភាគខាងត្បូង របស់កូរ៉េខាងត្បូង ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញកិច្ច សហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានដោយ ផ្តោតលើប្រទេសវៀតណាមតែម្តង។
លោកស្រីអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម ក៏បានវាយតម្លៃខ្ពស់ ចំពោះគោលជំហររបស់កូរ៉េខាងត្បូងលើបញ្ហាសមុទ្រខាងកើត ដោយ ថ្លែងអំណរគុណនិងស្នើឱ្យកូរ៉េខាងត្បូង បន្តគាំទ្រនូវគោលជំហររបស់វៀតណាមនិងអាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជា អនុវត្តពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់ក្រមប្រតិ បត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់បំផុត។
រីឯខ្លួនវិញ លោក Moon Hee Sang ប្រធានរដ្ឋសភាកូរ៉េខាងត្បូងមានសេចក្តីរីករាយដោយឃើញថា ទំនាក់ទំនងកូរ៉េខាងត្បូង - វៀតណាម កាន់តែទទួលបានការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលរួមចំណែកបង្កើតបានជាមូលដ្ឋានរឹងមាំ សម្រាប់ទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍លើគ្រប់វិស័យ។ បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូធំទី ៤ របស់កូរ៉េខាងត្បូង ដែលត្រឹមតែឈរលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ចិននិងជប៉ុនប៉ុណ្ណោះ។ ក្រៅពីនេះ វៀតណាមគឺជាទិសដៅដែលភ្ញៀវទេសចរកូរ៉េខាងត្បូងមកទស្សនាច្រើនជាងគេ។ លោក Moon Hee Sang បានសង្កត់ធ្ងន់ថា បច្ចុប្បន្នវៀតណាមមានទីតាំងពិសេសមួយនៅក្នុងគោលនយោបាយថ្មី ឆ្ពោះទៅខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំលើកទី ៥ នៃប្រធានសភាអាស៊ីនិងអឺរ៉ុបនឹងត្រូវរៀបចំឡើងនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី នាឆ្នាំ ២០២០ ខាងមុខ៕
(បកប្រែដោយស្រីព្រេជ)


មតិពីមិត្តអ្នកអាន