យុគសម័យ - ក្នុងអំឡុងពេលពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែសីហា ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao សមាជិក វៀតណាមនៃគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) បានចូលរួមកិច្ចប្រជុំលើកទី ២ សម័យប្រជុំលើកទី ៧១ របស់ ILC នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ។ កិច្ចប្រជុំនេះ បន្តផ្តោតការពិភាក្សាលើប្រធានបទច្បាប់អន្តរជាតិនៅក្នុងរបៀបវារៈ ILC ផងដែរ។
ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao (រូបថតៈ baoquocte)
សមាជិកវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពរបស់ ILC ព្រមទាំងដាក់ចេញនូវសំណើជាច្រើន ដើម្បីបង្កើតបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋានគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដី សិទ្ធិមនុស្សនិងការអភិវឌ្ឍប្រកបដោយចីរភាព។ អនុសាសន៍របស់សមាជិកវៀតណាមលើខ្លឹមសារនិងបច្ចេកទេស គតិយុត្តដើម្បីសុក្រិដ្ឋសេចក្តីសន្និដ្ឋាននិងគោលការណ៍របស់ ILC មុនពេលផ្ញើរទៅយកមតិយោបល់របស់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។
នៅក្នុងកិច្ចប្រជុំនេះ សមាជិកវៀតណាមក៏បានទទួលនូវភារកិច្ចកសាងរបាយការណ៍ស្តីពី “បណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិកនិងបញ្ហាការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ចំពោះទំនាក់ទំនងជាមួយច្បាប់អន្តរជាតិ”។ នេះក៏ជាឱកាសដើម្បីសមាជិក វៀតណាមបង្ហាញនូវទស្សនៈក្នុងនាមជាអ្នកជំនាញ ក៏ដូចជាឆ្លុះបញ្ចាំងនូវទស្សនៈរបស់ខ្លួនចំពោះបញ្ហាពាក់ព័ន្ធនានា។
ការចូលរួម ILC របស់អ្នកជំនាញវៀតណាម ខាងច្បាប់អន្តរជាតិ គឺសមស្របនឹងគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋវៀតណាម ដែលបានបង្ហាញយ៉ាងច្បាស់ថា វៀតណាមតែងតែលើកកម្ពស់តួនាទីពហុភាគីនិយមនិងគោរពច្បាប់អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏តែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការរៀបចំនិងបង្កើតវឌ្ឍនភាពផ្នែកច្បាប់អន្តរជាតិ ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍អន្តរជាតិ៕
(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន