យុគសម័យ - វៀតណាមទើបបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដោយទទួលបានសម្លេងលើសលប់ ពោលគឺ ១៩២ សម្លេង លើ ១៩៣ សម្លេងតែម្តង។ កត្តាមួយដែលមិនអាចខ្វះបានសម្រាប់ជោគជ័យនេះ គឺដំណាក់កាល ៥ឆ្នាំ នៃការចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម។
មន្ទីរពេទ្យយោធាទំនើបនិងពេញលក្ខណៈ
វរៈសេនីយ៍រត្រី Ho Ngoc Phat ប្រធានមន្ទីរពេទ្យយោធា ២.១ ក្នុងម៉ោងធ្វើការ
នាដើមខែតុលាឆ្នាំ ២០១៨ ពីព្រលានយន្តហោះ Tan Son Nhat (នៃទីក្រុងហូជីមិញ) ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីជូនដំណើរនៃមន្ទីរពេទ្យយោធាលេខ ២ កម្រិត ទី ១ (២.១) ដើម្បីចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ សមាជិកនៃមន្ទីរពេទ្យយោធា២.១ កាលនោះ គឺជាបុគ្គលិកនិងវេជ្ជបណ្ឌិតដែលមានជំនាញវិជ្ជាជីវៈ មានលទ្ធភាពទទួលនិងព្យាបាលជូនអ្នកជំងឺរហូតដល់ ៤០ នាក់ ក្នុងមួយថ្ងៃផងដែរ។
ក្រោយរយៈពេល២ខែប្រតិបត្តិការមក មន្ទីរពេទ្យយោធា ២.១ បានទទួលអ្នកជំងឺជាង ១៥០ នាក់ រួមទាំងអ្នកជម្ងឺសំរាកពេទ្យចំនួន ១២ នាក់។ ទន្ទឹមជាមួយគ្នានោះ បន្ទីរពេទ្យក៏បានធ្វើការវះកាត់ប្រកបដោយជោគជ័យសម្រាប់ ៦ ករណីស្មុគ្រស្មាញ ជាពិសេសជំងឺគ្រុនចាញ់។ ចាប់តាំងពីមានវត្តមាននៅស៊ូដង់ខាងត្បូងនោះ ក្រុមការងារសង្គ្រោះបន្ទាន់តាមផ្លូវអាកាសនៃមន្ទីរពេទ្យយោធា ២.១ បានបញ្ជូន ៤ ករណីទៅមន្ទីរពេទ្យកម្រិតខ្ពស់នៅក្នុងរដ្ឋធានី Juba ប្រទេសស៊ូដង់ខាងត្បូង។
ក្រោយរយៈពេល ៨ ខែប្រតិបត្តិការ មន្ទីរពេទ្យយោធា ២.១ នៅស៊ូដង់ខាងត្បូងបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ។ ពោលគឺ អគ្គលេខាធិការរងនិងទីប្រឹក្សាយោធារបស់អង្គការសហប្រជាជាតិ បានផ្ញើរលិខិតទៅរដ្ឋាភិបាលវៀតណាមចំនួនពីរលើក ដើម្បីថ្លែងអំណរគុណចំពោះការរួមចំណែករបស់មន្ទីរពេទ្យយោធា២.១ សម្រាប់បេសកកម្មរក្សាសន្តិភាពនៃអង្គការ សហប្រជាជាតិ។
ក្រុមបេសកកម្មនៃមន្ទីរពេទ្យយោធា ២.១ មុននឹងចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (រូបថតៈ TTXVN)
អញ្ជើញថ្លែងពីការចូលរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមនាពេលកន្លងទៅ លោក Kalman Malhora អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា “ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខនេះ អង្គការសហប្រជាជាតិត្រូវការណាស់នូវអង្គភាពជាច្រើនដូចជាមន្ទីរពេទ្យយោធានិងកងពលវិស្វកម្មរបស់ វៀតណាម សម្រាប់ប្រតិបត្ដិការរបស់អង្គការសហប្រជាជាតិ” ។
បច្ចុប្បន្ននេះ វៀតណាមកំពុងរៀបចំយ៉ាងសកម្មសម្រាប់មន្ទីរពេទ្យយោធាលេខ ២ កម្រិត ទី២ ដើម្បីត្រៀមខ្លួនដាក់ពង្រាយទៅកាន់ Bentiu បន្ទាប់ពីមន្ទីរពេទ្យយោធា ២.១ បានបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងខែតុលាខាងមុខ។
គំរូអំពីសមភាពយេនឌ័រ
ចំណុចមួយក្នុងចំណោមចំណុចភ្លឺរបស់វៀតណាមក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការ សហប្រជាជាតិ គឺជាការឆ្លើយតបលើសពីការរំពឹងទុករបស់អង្គការសហប្រជាជាតិ អំពីកត្តារនៃស្ត្រីដែលចូលរួមក្នុងសកម្មភាពនេះ។ ក្នុងចំណោមបុគ្គលិក វេជ្ជបណ្ឌិត ទាំង ៦៣ នាក់ នៃមន្ទីរពេទ្យយោធា២.១ របស់វៀតណាម មានទាហានជានារី ១០ នាក់ ដែលភាគច្រើនស្ថិតក្នុងវ័យអាយុក្មេងណាស់។ ដោយភាពក្លាហានរបស់ខ្លួន អ្នកទាំងនេះបានធ្វើការរួមគ្នាដើម្បីបន្ធូរបន្ថយផលវិបាកនៃសង្គ្រាមនៅស៊ូដង់ខាងត្បូងតែម្តង។
វរៈសេនីយ៍ត្រី Do Thi Hang Nga ដែលជានាយទាហានជានារីវៀតណាមដើមដំបូង ចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ
យោងតាមលោកឧត្ដមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាព វៀតណាមថា នៅឆ្នាំ ២០១៧ វៀតណាមបានបញ្ជូនទាហានជានារីដើមដំបូងទៅបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ បច្ចុប្បន្ននេះមន្ទីរពេទ្យយោធា ២.១ របស់វៀតណាមមានអត្រាជានារីស្រូបយក ១៦% (លើសពីកម្រិត ស្នើសុំរបស់អង្គការសហប្រជាជាតិពី ១០ ទៅ ១៥%) ។
យថាទស្សន៍ដ៏វិជ្ជមាន
នាពេលថ្មីៗនេះ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសធ្វើជាស្ថាប័នបណ្ដុះបណ្ដាលមួយក្នុងចំណោមស្ថាប័នបណ្តុះបណ្តាលក្នុងតំបន់ចំនួនបួន ដើម្បីបណ្ដុះបណ្ដាលសម្រាប់កងកម្លាំងសន្តិភាព ក្រោមគម្រោងកិច្ចសហប្រតិបត្តិការត្រីភាគីរបស់អង្គការសហប្រជាជាតិ (TPP) ដើម្បីបង្កើតមូលដ្ឋានសម្រាប់នាយកដ្ឋានរក្សាសន្តិភាពវៀតណាមក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលរក្សាសន្តិភាពកម្រិតតំបន់និងអន្តរជាតិ។
ក្រៅពីនេះ វៀតណាមបានទទួលយកតំណែងជាប្រធានសម្ព័ន្ធសមាគមនៃបណ្តាអង្គការរក្សាសន្តិភាពអាស៊ី - ប៉ាស៊ីហ្វិក នាឆ្នាំ ២០២០ (AAPTC) ពីប្រទេសថៃ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះនៅឆ្នាំ ២០២០ តែម្តង។ នេះគឺជាឱកាសមួយសម្រាប់វៀតណាម ដើម្បីបញ្ជាក់និងលើកកំពស់នូវឋានៈក៏ដូចជាតួនាទីអន្តរជាតិរបស់ខ្លួន ដើម្បីរួមវិភាគទានដល់សកម្មភាពរក្សាសន្តិ ភាពនៃអង្គការសហប្រជាជាតិ៕
(ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន