យុគសម័យ - នារសៀលថ្ងៃទី៧ ខែមិថុនា យោងតាមសំណើរពីភាគីសិង្ហបុរី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishman ដោយពាក់ព័ន្ធនឹងមតិរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Shien Loong កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan (រូបថតៈ baoquocte)
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីសិង្ហុបុរី លោក Vivian Balakrishnan បានបញ្ជាក់អះអាងថា សិង្ហបុរីតែងតែគោរពនូវទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម និងបានពន្យល់ពីបរិបទនៃសេចក្តីថ្លែងការណ៍ និងគោលបំណងនៃមតិនេះ ពុំមានន័យថា ប្រមាថដល់វៀតណាមនិងកម្ពុជានៅឡើយ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា មតិពោលខាងលើបានធ្វើឱ្យមានប្រតិកម្មអវិជ្ជមាន ជាពិសេសនៅក្នុងបរិបទដែលប្រជាជនកម្ពុជាទើបបានប្រារព្ធយ៉ាងអធឹកអធមនូវពិធីអបអរសាទរខួបលើកទី៤០ នៃទិវារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយតុលាការពិសេសមួយនៅកម្ពុជា បានចេញសាលក្រមលើឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ប្រឆាំងមនុស្សជាតិរបស់ខ្មែរក្រហម នាំមកនូវយុត្តិធម៌ជូនដល់ជនរងគ្រោះនិងក្រុមគ្រួសារកម្ពុជាច្រើនរូប ហើយប្រការនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិផងដែរ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមបានបញ្ជាក់អះអាងពីភាពស្របច្បាប់និងពលិកម្មដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលត្រូវបានប្រជាជនកម្ពុជាចាត់ទុកថាជា “កងទ័ពរបស់ព្រះពុទ្ធ” ដែលបានជួយប្រទេសកម្ពុជាឱ្យរួចផុតពីការប្រល័យ ពូជសាសន៍ ដែលរួមចំណែកដល់ សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី Pham Binh Minh បានស្នើឱ្យសិង្ហបុរីធ្វើការកែសម្រួលឲ្យបានសមស្រប។
រដ្ឋមន្ត្រីការបរទេសទាំងពីររូបបានឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីវៀតណាម - សិង្ហបុរីក៏ដូចជាបង្កើនសាមគ្គីភាពនិងលក្ខណៈឯកភាពរបស់អាស៊ានផងដែរ៕
(យោងតាម baoquocte.vn)

មតិពីមិត្តអ្នកអាន