យុគសម័យ - ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីន លោក Mauricio Macri និងភរិយា បានអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri អញ្ជើញត្រួតកងពលកិត្តិយស (រូបថតៈ VGP/Nhat Bac)
នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ពិធីទទួលស្វាគមន៍ជាផ្លូវចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri និងភរិយា ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិកនៅឯវិមានប្រធានាធិបតី តាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងភរិយាអញ្ជើញជាអធិបតីនៃពិធីទទួលបដិសញ្ឋារកិច្ច។ អញ្ជើញចូលរួមក្នុងពិធីទទួលស្វាគមន៍ មានបវត្តមាន ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam; អនុប្រធានរដ្ឋសភា លោក Phung Quoc Hien; ប្រធានការិយាល័យប្រធានរដ្ឋ លោក Dao Viet Trung; រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh; រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung; រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន នានាផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri នៅក្នុងពិធីទទួលស្វាគមន៍ (រូបថតៈ VGP/Nhat Bac)
ដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri ពោរពេញទៅដោយអត្ថន័យសំខាន់ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ និងរួមចំណែកធ្វើអោយកាន់តែស៊ីជំរៅថែមទៀត នូវភាពជាដៃគូដ៏លើគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងអាហ្សង់ទីន ជាពិសេសនៅពេលដែល ប្រទេសទាំងពីរទើបតែបានប្រារព្ធខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ២០១៨។
(រូបថតៈ VGP/Nhat Bac)
ដំណើរទស្សនកិច្ចនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់អាហ្សង់ទីន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមនិយាយដោយឡែកនិងតំបន់អាស៊ីនិងអាស៊ីអាគ្នេយ៍និយាយរួម ជាពិសេស បន្ទាប់ពីអាហ្សង់ទីនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (TAC) ) ជាមួយអាស៊ាននៅខែសីហាឆ្នាំ ២០១៨ ផង ដែរ៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)



មតិពីមិត្តអ្នកអាន