ប្រទេសឥណ្ឌានៅតែបន្តធ្វើជាដៃគូដ៏ស្មោះត្រង់និងយូរអង្វែងរបស់វៀតណាម

16:32 | 28/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Sushma Swaraj បានអះអាងថា វៀតណាមគឺជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់ឥណ្ឌាក្នុងអាស៊ានហើយឥណ្ឌានឹងបន្តធ្វើជាដៃគូដ៏ស្មោះត្រង់និងយូរអង្វែងរបស់វៀតណាម។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Sushma Swaraj (រូបថត៖ VGP/Hai Minh)

នាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកស្រី Sushma Swaraj បានអញ្ជើញធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ១៦ គណៈកម្មាធិការចម្រុះ វៀតណាម-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។

ថ្លែងមតិទៅកាន់សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ដោយបានរួមគ្នាពិនិត្យនិងដាក់ចេញទិសដៅ ដើម្បីជម្រុញទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម -ឥណ្ឌាឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការរក្សាជាប្រចាំនូវដំណើរទស្សនកិច្ចជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរនាពេលកន្លងទៅ បានបង្ហាញនូវការជឿទុកចិត្តនយោបាយខ្ពស់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់និងជម្រុញយន្តការសន្ទនាដែលមានស្រាប់។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តយ៉ាងសកម្មនិងមានប្រសិទ្ធភាពនៃកម្មវិធីសកម្មភាព ដំណាក់កាល២០១៧-២០២០ ស្តីពីការអនុវត្តភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ។

ភាគីទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខបន្តជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី និងស្វាគមន៍ការរក្សាជាប្រចាំនូវយន្តការសហប្រតិបត្តិការលើវិស័យការពារជាតិ។ ភាគីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រប្រកបដោយប្រសិទ្ធភាពពីសំណាក់ភាគីឥណ្ឌានាពេលកន្លងទៅ។

ភាគីទាំងពីរនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងឯកភាព ជម្រុញការអនុវត្តជាក់ស្តែងរាល់ការសន្យាដែលបានចែងក្នុងសេចក្តីថ្លែងការណ៍ដេលីនាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន- ឥណ្ឌា។

យោងតាមឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ថា អស់រយៈពេលពីរឆ្នាំកន្លងមក ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងជាមួយឥណ្ឌា វៀតណាមបានរួមវិភាគទានដ៏វិជ្ជមានសម្រាប់ទំនាក់ទំនងអាស៊ាន - ឥណ្ឌា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Sushma Swairaj អញ្ជើញជាសហអធិបតីកិច្ចប្រជុំលើកទី១៦នៃគណៈកម្មាធិការចម្រុះវៀតណាម-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា (រូបថតៈ VGP/Hai Minh)

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ស្តីពីបម្រែបម្រួលនាពេលថ្មីៗនេះនៅ សមុទ្រខាងកើតក៏ដូចជារាល់វិធានការណ៍ដើម្បីរក្សាសន្តិភាព ស្ថិរភាព សុវត្ថភាពនាវាចរណ៍ និងអាកាសចរណ៍ រួមទាំងដោះស្រាយរាល់ជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី គោរពពេញលេញចំពោះនីតិវិធីទូត ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការអនុវត្តឲ្យបានពេញលេញនូវ សេចក្តីថ្លែងការណ៍រួមរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) ហើយនឹងទទួលឲ្យបានឆាប់ៗក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងមានចរិតលក្ខណៈចាប់បង្ខំផងដែរ។

រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាលោកស្រី Sushma Swaraj បានអះអាងថា វៀតណាមគឺជាដៃគូសំខាន់បំផុត របស់ឥណ្ឌាក្នុងអាស៊ានហើយឥណ្ឌានឹងបន្តជាដៃគូដ៏ស្មោះត្រង់និងយូរអង្វែងរបស់វៀតណាម។

លោកស្រី Sushma Swaraj មានក្តីសោមនស្សរីករាយដោយបានឃើញថា ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍន៍យ៉ាងវិជ្ជមានក្នុងគ្រប់ទិដ្ឋភាពទាំងអស់ដែលក្នុងនោះទំនាក់ទំនងការពារជាតិ សន្តិសុខបានក្លាយជាសសរស្តម្ភដ៏សំខាន់មួយ នៃទំនាក់ទំនងទ្វេភាគី។

“ជាមួយនឹងសារៈសំខាន់ទាំងអស់ពោលខាងលើ ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រីកទំនាក់ទំនងយោធាហើយនឹងរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីគោលនយោបាយសន្តិសុខសមុទ្រក្នុងឆ្នាំ២០១៨នេះតែម្តង”។ នេះបើយោងតាមមតិរបស់នាយករដ្ឋមន្ត្រីឥណ្ឌា​លោកស្រី Sushma Swaraj។

រដ្ឋមន្ត្រីការបរទេសឥណ្ឌារូបនេះបានជឿជាក់ថា ទំនាក់ទំនងរវាងឥណ្ឌានិងវៀតណាមនឹងបន្តអភិវឌ្ឍន៍ ដោយផ្តល់អត្ថប្រយោជន៍ជូនភាគីទាំងពីរ ព្រមទាំងរួមចំណែកទៅក្នុងសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទៀតផង៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត