យុគសម័យ - ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយាបានអញ្ជើញមកដល់ខេត្ត Luxor ប្រទេសអេហ្ស៊ីប ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីប ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានមកដល់ Luxor ចាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីប (រូបថតៈ VOV)
នៅវេលាម៉ោង ១២ និង ៣០ នាទី ល្ងាចថ្ងៃទី២៥ខែសីហា តាមម៉ោងតំបន់ (ម៉ោង ១៧ និង ៣០ នាទីនៅថ្ងៃដដែលតាមម៉ោងទីក្រុងហាណូយ) ប្រធានរដ្ឋ លោក Tran Dai Quang និងភរិយា បានអញ្ជើញមកដល់ខេត្ត Luxor ប្រទេសអេហ្ស៊ីប ចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីបពីថ្ងៃទី ២៥ដល់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៨ តាមការអញ្ជើញរបស់ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi ។
អញ្ជើញទទួលប្រធានរដ្ឋលោក Tran Dai Quang និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Luxor មានវត្តមានអភិបាលខេត្ត Luxor Mohamed Badr ជាមួយបណ្ដាមន្រ្តីមកពីខេត្ត Luxor ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long និងភរិយា រួមទាំងមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបអញ្ជើញទទួលលោកប្រធានរដ្ឋនៅព្រលានយន្តហោះ (រូបថតៈ VOV)
ក្រោយរយះពេលជាងកន្លះសតវត្ស ដែលត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងពូនជ្រុំមក ទំនាក់ទំនងមិត្តភាពវៀតណាមនិងអេហ្ស៊ីបបានក្លាយទៅជាមោទនភាពនិងទ្រព្យសម្បត្តិរួមរបស់ប្រជាជាតិទាំងពីរ។ ហើយទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វាងវៀតណាមនិងអេហ្ស៊ីបមានការវិវឌ្ឍកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។
ដំណើរទស្សនកិច្ច ផ្លូវរដ្ឋទៅកាន់ប្រទេសអេហ្ស៊ីបលើកនេះរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang គឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់ប្រមុខរដ្ឋវៀតណាមទៅកាន់អេហ្ស៊ីបគិតតាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៦៣មក។
អភិបាលខេត្ត Luxor ទទួលប្រធានរដ្ឋលោក Tran Dai Quang និងភារិយា នៅជើងយន្តហោះ (រូបថតៈ VOV)
ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi ទៅកាន់ប្រទេសវៀតណាមនៅក្នុងខែកញ្ញាឆ្នាំ ២០១៤ ប៉ុណ្ពោះទេ ថែមទាំងបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តដែលភាគីទាំងពីរបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៧ ក៏ដូចជាជម្រុញរាល់វិធានការ សំដៅបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដូចជា នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ វប្បធម៌ និងអប់រំជាដើម។ ទន្ទឹមជាមួយគ្នានោះ អះអាងនូវគោលបំណងរបស់វៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍទ្វេភាគីឲ្យបានជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពជាមួយអេហ្ស៊ីប៕
(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)



មតិពីមិត្តអ្នកអាន