យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាល្លឺម៉ង់ នាថ្ងៃទី ១១ ខែកុម្ភៈ លោកស្រី Phan Thi Kim Phuc ជាតួឯកនៅក្នុងរូបថត “កុមារី Napalm” ដែលធ្លាប់ធ្វើឲ្យរញ្ជូលដល់ពិភពលោកនិងជានិមិត្តរូបប្រឆាំងសង្គ្រាមនៅវៀតណាម មានកិត្តិយសទទួលបានរង្វាន់សន្តិភាព Dressden ដោយសារការរួមចំណែករបស់លោកស្រី ចំពោះកុមារនៅក្នុងតំបន់ជួបវិបត្តិនៅជុំវិញពិភពលោក។ ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិកនៅមហោស្រព Semperoper ដ៏ល្បីឈ្មោះ នៃទីក្រុង Dresden ក្នុងរដ្ឋ Sachsen ភាគខាងកើតប្រទេសអាល្លឺម៉ង់។
លោកស្រី Phan Thi Kim Phuc ទទួលរង្វាន់សន្តិភាព Dressden នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០១៩ (រូបថត៖ AFP / TTXVN)
អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ ក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកស្រី Phan Thi Kim Phuc បានចូលរួមក្នុងសកម្មភាពជាច្រើននៃការផ្សះផ្សានិងថែទាំកុមារនៅក្នុងតំបន់មានសង្រ្គាមនៅលើទូទាំងពិភពលោកតាមរយៈមូលនិធិដែលលោកស្រីបង្កើតដោយខ្លួនឯង។
អញ្ជើញឆ្លើយសំភាសន៍បន្ទាប់ពីមានកិត្តិយសទទួលបានពានរង្វាន់ដែលមានតម្លៃ ១០ម៉ឺនអឺរ៉ូនោះ លោកស្រី Phan Thi Kim Phuc បានឲ្យដឹងថា ក្តីសុបិន្តរបស់លោកស្រីគឺអាចធ្វើឱ្យពិភពលោកក្លាយជាកន្លែងរស់នៅល្អប្រសើរជាងមុន។ លោកស្រីក៏បានសង្កត់ធ្ងន់ថា ការអប់រំមានសារៈសំខាន់ណាស់ ហើយក្មេងទាំងអស់ត្រូវតែទៅសាលារៀន។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០២ មក មូលនិធិដោយលោកស្រីបង្កើតឡើងនោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការសាងសង់សាលារៀន មណ្ឌលថែទាំកុមារកំព្រានិងមូលដ្ឋានសុខាភិបាលមួយចំនួនទូទាំងពិភពលោក។
លោកស្រី Kim Phuc ក៏បានឲ្យដឹងផងដែរថា គំរោងថ្មីបំផុតរបស់លោកស្រីគឺ កសាងបណ្ណាល័យមួយសម្រាប់កុមារមួយនៅក្នុងភូមិដែលជាកន្លែងលោកស្រីត្រូវបានពិភពលោកស្គាល់ តាមរយៈរូបថត “កុមារី Napalm” ដោយអ្នកថតរូប Huynh Cong Ut (Nick Ut)។
បច្ចុប្បន្ននេះ លោកស្រី Phan Thi Kim Phuc កំពុងរស់នៅក្នុងប្រទេសកាណាដា ប្រកបដោយស្ថិរភាពនិងសុភមង្គលជាមួយប្តីនិងកូនប្រុសពីរនាក់៕
សូមគូសបញ្ជាក់ថា នាថ្ងៃទី ៨ ខែមិថុនាឆ្នាំ ១៩៧២ លោកស្រី Phan Thi Kim Phuc កាលនោះទើបអាយុ ៩ ឆ្នាំបាន រងការរលាកដោយសារតែការទម្លាក់គ្រាប់បែក Napalm របស់អាមេរិកនៅ Trang Bang ខេត្ត Tay Ninh។ រូបភាពរបស់កុមារី Phuc បានរត់ផងនិងយំផង ហើយស្បែករលាកពេញខ្លួន ដែលត្រូវបាន អ្នកយកព័ត៌មាន Nick Ut នៃភ្នាក់ងារព័ត៌មាន AP ថតបាន ។ រូបថតនេះបានធ្វើឲ្យអ្នកស្រឡាញ់សន្តិភាពជាច្រើននៅលើពិភពលោករញ្ជួលចិត្តរក៏ដូចជាផ្លាស់ប្តូរទស្សនៈរបស់ពិភពលោកអំពីសង្គ្រាមនៅ វៀត ណាម បំផុសឡើងចលនាប្រឆាំងសង្គ្រាមនៅអាមេរិកនិងជួយអ្នកយកការណ៍រូបថតលោក Nick Ut បានឈ្នះពានរង្វាន់អ្នកកាសែតដ៏ល្បីឈ្មោះ Pulitzer តែម្តង។
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន