យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង Praha អ្នកកាសែតឆែក Pavel Herman ទើបនឹងចេញផ្សាយសៀវភៅ“វៀតណាម-អតីតកាល បច្ចុប្បន្នកាលនិងអនាគត” រួមមាន៤ភាគដែលបង្ហាញនូវទស្សនៈរបស់អ្នកនិពន្ធអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដីនិងមនុស្សវៀតណាម។
សៀវភៅ “វៀតណាម-អតីតកាល បច្ចុប្បន្នកាលនិងអនាគត” (រូបថតៈ TTXVN )
ក្នុងភាគទី១ “វៀតណាម-លាក់បំពួនសម្រស់” អ្នកនិពន្ធ Herman បានឧទ្ទេសនាមនូវលក្ខណៈសម្បត្តិមួយចំនួនរបស់វៀតណាម ដូចជា ធម្មជាតិ អាកាសធាតុ ប្រព័ន្ធនយោបាយ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ និងសាសនា។ លោកក៏បានបង្ហាញការស្ងើចសរសើរចំពោះបុគ្គលិកលក្ខណៈនិងបុព្វហេតុរបស់លោកប្រធានហូជីមិញផងដែរ។
ក្នុងភាគ “វៀតណាម-ប្រទេសនៃសមុទ្រនិងកោះ” ជាការស្រាវជ្រាវរបស់អ្នកនិពន្ធ Herman អំពីសមុទ្រ កោះ ទីតាំងនិងសារៈសំខាន់របស់កោះសមុទ្រនិងយុទ្ធសាស្ត្រសមុទ្ររបស់វៀតណាម។ ចំពោះវៀតណាម សមុទ្រខាងកើតដើរតួនាទីសំខាន់ ទាំងវិស័យសេដ្ឋកិច្ចដល់សន្តិសុខការពារជាតិ។ អ្នកកាសែត Herman បានដាក់ចេញនូវភស្តុតាងគតិយុត្ត ប្រវត្តិសាស្ត្រនិងផែនទីបុរាណរាប់សិពដែលអះអាងប្រជុំកោះ Hoang Sa និង Truong Sa ចំណុះអធិបតេយ្យភាពនិងជាផ្នែកមួយមិនអាចផ្តាច់ចេញរបស់វៀតណាម។
ក្នុងភាគ “វៀតណាម-ផ្លាស់ប្តូរ ធ្វើសមាហរណកម្មនិងអភិវឌ្ឍ” អ្នកកាសែត Herman បានអះអាងនូវជម្រើសរើសត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការអនុវត្តន៍គោលមាគា “ផ្លាស់ប្តូរថ្មី” ចាប់តាំងពីឆ្នាំ១៩៨៦រហូតមកដល់បច្ចុប្បន្ន។ ក្នុងរយៈពេល៣០ឆ្នាំធ្វើការផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិសំខាន់ៗជាច្រើន លើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច កែលំអរជីវភាពរស់នៅរបស់ប្រជាជន ធានាសន្តិសុខសង្គម ស្ថិរភាពនយោបាយនិងពង្រឹងប្រព័ន្ធច្បាប់។ នេះក៏ជាមូលដ្ឋានសំខាន់ ដើម្បីវៀតណាមអនុវត្តគោលនយោបាយពហុភាគី ធ្វើឲ្យទំនាក់ទំនងអន្តរជាតិកាន់តែសម្បូរបែប។ ជាពិសេសអ្នកនិពន្ធរូបនេះបានវាយតម្លៃថា វៀតណាមកាន់តែមានកិត្យានុភាព មានឋានៈកាន់តែខ្ពស់លើឆាកអន្តរជាតិ។
ក្នុងផ្នែកស្តីពីទំនាក់ទំនងទ្វេភាគីសាធារណរដ្ឋឆែកនិងវៀតណាម អ្នកនិពន្ធ Herman បានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងនយោបាយទ្វេភាគីត្រូវបានបង្កើនតាមរយៈដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងអប់រំក៏ត្រូវបានភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់ជាពិសេស។
អញ្ជើញឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកនិពន្ធ Herman បានអះអាងថា ការស្វែងយល់រូបសណ្ឋានសង្គមនិយមនៅវៀតណាម ជាប្រធានបទគួរឲ្យចាប់អារម្មណ៍ ជាពិសេសគឺការដែលវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យ គោលមាគ៌ាផ្លាស់ប្តូរថ្មី។ ទន្ទឹមជាមួយគ្នានោះលោកចង់បង្ហាញជូនដល់មិត្តអ្នកអានឆែកនូវទស្សនៈវិស័យពហុទិដ្ឋភាពអំពីបម្រែបម្រួល បច្ចុប្បន្ននៅលើសមុទ្រខាងកើត៕
(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន