លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិកទាក់ទងនឹងគម្រោងនានានៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ កម្ពុជា
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា ពិចារណាក្នុងការជួយគាំទ្រដល់ក្រសួងទៅលើវិស័យកំពង់ផែ ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងផ្លូវដែក ជាពិសេសការ កសាងសមត្ថភាពដល់មន្ត្រីជំនាញនៅក្នុងការកសាងផ្លូវថ្នល់ ក្នុងរូបភាពជាការផ្តល់នូវវគ្គបណ្តុះបណ្តាលឬការផ្លាស់ប្តូរនូវក្រុមជំនាញការ ទស្សនកិច្ចសិក្សារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែទីក្រុង ឡូស អេនជឺឡេស (Los Angeles) ជាដើម។ ការស្នើនេះ ធ្វើឡើងជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ កម្ពុជាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
ចំពោះសំណើនេះ ឯកអគ្គរដ្ឋទូតបានធ្វើការកត់សម្គាល់ និងទទួលយកទៅពិចារណា ដើម្បីឈានទៅដល់ការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទាំងនេះ។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់អំពីខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលខែនីមួយៗនៃឆ្នាំនេះនឹងផ្តោតទៅលើប្រធានបទផ្សេងៗគ្នា ដូចជាខែមេសា និងឧសភា គឺជាខែសម្រាប់បរិស្ថាន និងសុខភាពសាធារណៈ រីឯខែកញ្ញា ត្រូវផ្តោតលើប្រធានបទពាណិជ្ជកម្មនិងវិនិយោគ ដែលនឹងមានការធ្វើទស្សនកិច្ចពីក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក មកកាន់ កម្ពុជាជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិកទាក់ទងនឹងគម្រោងនានានៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន៕
(ប្រភពព័ត៌មាន: kleykley.sabay.com.kh)
