ការវិនិយោគបរទេសកាន់តែច្រើនកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានក្រុមហ៊ុនផលិតកម្មមួយបានប្រកាសពីខ្សែសង្វាក់ផលិតកម្មថ្មីនិងការផ្ដល់ជាការងារថ្មីជាង ១០០០ កន្លែងនៅខេត្តកំពង់ស្ពឺ។
បើទោះបីជាការវិនិយោគដោយផ្ទាល់ពីបរទេសបន្តហូរចូលមកកាន់ប្រទេសកម្ពុជាក៏ដោយ ក៏ចំនួនការងារនាពេលបច្ចុប្បន្ននៅតែមានការខ្វះខាត។ KT/ ស៊ីវ ចាន់ណា
ក្រុមហ៊ុន GCH International Trade Co Ltd បានឲ្យដឹងនៅក្នុងសប្តាហ៍នេះថាខ្លួននឹងធ្វើការវិនិយោគទំហំទឹកប្រាក់ប្រមាណជា ៣,២ លានដុល្លារអាមេរិកទៅក្នុងខ្សែសង្វាក់ក្នុងផលិតកម្មកាបូបដែលផលិតចេញជាប្រភេទផ្សេងៗគ្នា។ ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលនឹងបង្កើតជាការងារចំនួនប្រមាណជា ១ ០២៨ កន្លែង។ ការប្រកាសអំពីខ្សែសង្វាក់ផលិតកម្មថ្មីនេះត្រូវបានធ្វើឡើងខណៈដែលការងារជាង ១៥ ម៉ឺននៅក្នុងវិស័យនេះត្រូវបានបាត់បង់គិតចាប់តាំងពីខែកក្កដា។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមហ៊ុន GCH International Trade មិនមែនជាក្រុមហ៊ុនថ្មីតែមួយគត់ដែលវិនិយោគនាពេលថ្មីៗនេះទេ។
ក្រុមហ៊ុន Jin Xinsheng (Cambodia) Co Ltd ក៏បានប្រកាសផងដែរថាពួកគេនឹងធ្វើការវិនិយោគទំហំទឹកប្រាក់ប្រមាណជា ៥ លានដុល្លារលើគម្រោងថ្មីមួយដែលក្នុងនោះខ្លួននឹងផលិតក្រដាស សំឡីអនាម័យ និងខ្នើយ។
ខ្សែសង្វាក់ផលិតកម្មនេះគ្រោងនឹងមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ រាជធានីភ្នំពេញ ហើយនឹងបង្កើតជាការងារចំនួន ១៩៨ កន្លែង។
បើទោះបីជាការវិនិយោគដោយផ្ទាល់ពីបរទេសបន្តហូរចូលមកកាន់ប្រទេសកម្ពុជាក៏ដោយ ក៏ចំនួនការងារនាពេលបច្ចុប្បន្ននៅតែមិនអាចបំពេញចន្លោះចំនួនការងារដែលបាត់បង់កាលពីពេលកន្លងទៅ។
ករណីការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ បានបណ្តាលឱ្យរោងចក្រជាង ៤០០ បានផ្អាកផលិតកម្មដែលនាំឱ្យមនុស្សជាច្រើនបានបាត់បង់ការងារធ្វើ។
ទោះជាយ៉ាងណាក៏ដោយ កម្មករដែលរងគ្រោះដោយសារការបិទទ្វារទាំងនេះក៏បានទទួលប្រាក់ឧបត្ថម្ភចំនួន ៤០ ដុល្លារក្នុងមួយខែដែលផ្តល់ដោយរដ្ឋាភិបាលផងដែរ៕
(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន