នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានអំពាវនាវឱ្យសហគ្រាស សហគ្រិននិងវិនិយោគិនក្នុងស្រុកចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៧ ឆ្នាំ២០២០ (17th China-Asean Expo 2020) ដែកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ ទីក្រុងណានជីង ខេត្តក្វាងស៊ី ប្រទេសចិន។
លោក ប៉ាន សូរស័ក្ដ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មចូលរួមក្នុងសន្និសីទដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូរវាងកម្ពុជានិងចិនស្តីពីវឌ្ឍនភាពសម្រាប់ពិព័រណ៍ពាណិជ្ជកម្មចិនលើកទី ៣
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានជូនដំណឹងថា៖ “ដោយសារតែស្ថានភាពនៃជំងឺរាតត្បាត COVID-19 លេខាធិការដ្ឋានពិព័រណ៍ពាណិជ្ជកម្មចិន - អាស៊ាននឹងធ្វើការអញ្ជើញតែក្រុមហ៊ុនដែលមានដៃគូពាណិជ្ជកម្មនិងវិនិយោគដែលមានមូលដ្ឋាននៅប្រទេសចិនក្នុងការបង្ហាញផលិតផលឬគម្រោងវិនិយោគរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ដែលបានរៀបរាប់ខាងលើ”។ក្រសួងបានបន្តថា៖ “ដូច្នេះ ក្រសួងពាណិជ្ជកម្មសូមធ្វើការអញ្ជើញពាណិជ្ជករ សហគ្រិន វិនិយោគិននិងអ្នកផលិតទាំងអស់ដែលមានដៃគូពាណិជ្ជកម្មនិងវិនិយោគនៅក្នុងប្រទេសចិនហើយមានបំណងចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី ១៧ ឆ្នាំ ២០២០ ឬកំពុងស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគរបស់ពួកគេក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះដើម្បីដាក់ពាក្យសុំនិងចុះឈ្មោះនៅនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មមិនឱ្យហួសពីថ្ងៃទី ៣0 ខែកញ្ញាឆ្នាំ ២០២០”៕
(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន