សម្តេចពិជ័យសេនា ទៀ បាញ់៖ រាជរដ្ឋាភិបាលប្តេជ្ញាលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនឱ្យកាន់តែប្រសើរ ឱ្យសមនឹងគុណបំណាច់

10:49 | 17/07/2020

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា រាជរដ្ឋាភិបាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាធ្វើយ៉ាងណាលើកកម្ពស់ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជនកម្ពុជា ឱ្យកាន់តែល្អប្រសើបន្ថែមទៀត ស្របទៅតាមគុណបំណាច់ដ៏ឆ្នើមមិនអាចកាត់ថ្លៃរបស់ពួកគាត់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមកនោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

ការអះអាងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង ក្រោយបញ្ចប់ពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅអគ្គលេខាធិការដ្ឋានអតីតយុទ្ធជនកម្ពុជា នៅស្រុកគៀនស្វាយ ខេត្តកណ្តាល។

ស្តែងតាមរយៈការគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធកម្ពុជា ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា បច្ចុប្បន្ននេះ អតីតយុទ្ធជនកម្ពុជាមួយចំនួនធំ ទទួលបាននូវដីធ្លី ផ្ទះស្នាក់ ដីបង្កបង្កើនផល ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ដែលបានចូលរួមចំណែកលើកស្ទួយជីវភាពរបស់ពួកគាត់បានមួយកម្រិតផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាជរដ្ឋាភិបាលមិនអាចបំភ្លេចនូវគុណូបការៈរបស់បងប្អូនអតីតយុទ្ធជនបាននោះទេ ហើយរាជរដ្ឋាភិបាលក៏នឹងខិតខំស្វែងរកពួកគាត់ឱ្យមកទទួល នូវអត្ថប្រយោជន៍ផ្សេងៗ ដែលជាគម្រោងរបស់រដ្ឋ និងរាជរដ្ឋាភិបាលឱ្យបានគ្រប់ៗគ្នាផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះក៏ដោយសារតែមានការរួមចំណែកយ៉ាងធំធេង របស់បងប្អូនអតីតយុទ្ធជន ដែលពួកគាត់បានលះបង់ និងពលីគ្រប់យ៉ាងក៏ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូលផងដែរ។

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់បំផុតដល់បងប្អូនអតីតយុទ្ធជន ដោយក្នុងនោះបានចែកដី ផ្ទះ និងផ្តល់នូវមធ្យោបាយផ្សេងៗទៀតជូនដល់ពួកគាត់ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពរបស់ពួកគាត់រស់នៅសមប្រកបជាមួយនឹងប្រទេសដែលកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់នោះ៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព