រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា ណែនាំឱ្យមន្ទីរធម្មការខេត្តមណ្ឌលគិរី គួរជំរុញចលនា នៃការ​ចូលរួមអភិរក្សព្រៃឈើ និងសត្វព្រៃ ដើម្បីទាក់ទាញភ្ញៀវទេសចរ

06:46 | 28/06/2020

ដោយមើលឃើញពីសក្ដានុពលនៃខេត្តមណ្ឌលគិរី ជាខេត្តដែលសម្បូរ ដោយជីវចម្រុះគ្រប់​ប្រភេទជាពិសេសព្រៃឈើ និងសត្វព្រៃនោះ រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនាបាន​ណែ​នាំឱ្យមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី គួរជំរុញចលនា នៃការចូលរួមអភិរក្ស ព្រៃឈើ និងសត្វព្រៃ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ និងបង្កើនប្រភពចំណូលជូនប្រជា ពល រដ្ឋមូលដ្ឋាន។

ពិធី​សំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារ នៅមន្ទីរ ធម្មការ និងសាសនាខេត្ត​មណ្ឌលគិរី

នេះគឺជា​ការលើកឡើងរបស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក្នុងពិធី​សំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារ នៅមន្ទីរ ធម្មការ និងសាសនាខេត្ត​មណ្ឌលគិរី នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០។ យោងតាមក្រសួងធម្មការ​ និងសាសនា។

ឯកឧត្តម ឈិត សុខុន បានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រី​រាជការ បុគ្គលិក នៃរដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេសឯកឧត្តមអភិបាល នៃគណៈ​អភិ​បាល​ខេត្តមណ្ឌលគិរី ដែលបានសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរីបានយ៉ាងល្អប្រសើរ។ ទន្ទឹមនេះ ឯកឧត្ដម​បាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្ម ការ និងសាសនាខេត្តមណ្ឌលគិរី ដែលមានឆន្ទៈស្រួចស្រាល់ និងការប្តេជ្ញាចិត្ត មោះមុត យកអស់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតីក្នុងការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការ និងសាសនា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំដល់មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និង សាសនា ខេត្តមណ្ឌលគិរី ត្រូវពិនិត្យមើលច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់ ក្រសួង ធម្មការ និងសាសនា និងលិខិតបទដ្ឋានរបស់ ក្រសួងផ្សេងទៀតដែលពាក់ព័ន្ធ ដើម្បីឱ្យ មានភាព​ច្បាស់​លាស់ និងប្រសិទ្ធភាពក្នុងការអនុវត្ត។ ជាមួយគ្នានេះ ត្រូវបន្តធ្វើការបណ្តុះ បណ្តាល កសាងសមត្ថភាព ធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួនគ្រប់ថ្នាក់ ដើម្បីពង្រឹង របៀបរបបការងារឱ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមរដ្ឋ​មន្រ្តី​បានកោតសរសើរដល់អាជ្ញាធរខេត្តមណ្ឌលគីរី ដែលបាន​សហការ​ជាមួយ មន្ទីរធម្មការ និងសាសនាខេត្តចុះធ្វើការអប់រំណែនាំ និងអនុវត្តន៍នូវវិធានការនានា តាម គោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃ ជំងឺកូវីដ-១៩៕

(ប្រភពព័ត៌មាន: akp.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន