នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ។ កម្មវិធីនេះត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ សមាគមផ្សេងៗ និងតំណាងនានាក្នុងវិស័យឯកជន។
ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំកម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ
អាជីវកម្មថ្មីៗអាចធ្វើការចុះបញ្ជីពាណិជ្ជកម្មរបស់ខ្លួននៅតាមរយៈគេហទំព័រ www.registrationservices.gov.kh ខណៈដែលវិញ្ញាបនបត្រអាជីវកម្ម លិខិតបញ្ជាក់ពន្ធក៏ដូចជាឯកសារនានាទាំងអស់ក៏នឹងត្រូវបានផ្តល់ជូននិងទទួលតាមទម្រង់ឌីជីថលផងដែរ។គ្រប់សកម្មភាពទាំងអស់នឹងត្រូវបានចែករំលែកដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធព័ត៌មានរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការពិនិត្យនិងអនុម័ត។
តាមរយៈវេទិកានេះ នីតិវិធីស្មុគស្មាញ បញ្ហាដែលពាក់ព័ន្ធនឹងព័ត៌មាននានា ពេលវេលា និងការចំណាយដែលកើតមានឡើងកាលពីពេលកន្លងទៅក្រោមដំណើរការចាស់នឹងត្រូវបានកាត់បន្ថយ។
រាជរដ្ឋាភិបាលបានចាត់ទុកការរីករាលដាលនៃវីរុសកូវីដ១៩ជាឱកាសមួយដើម្បីជំរុញឱ្យមានការកែទម្រង់នានានិងលើកកម្ពស់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឲ្យចូលរួមលើកកម្ពស់ការយល់ដឹងដល់សាធារណជនទូទៅអំពីប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មថ្មីនេះ៕
(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន