រដ្ឋមន្ត្រីកសិកម្មបានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ពង្រីកការចិញ្ចឹមបង្កង (Crabfish) ពីលើផ្ទៃដី ២៥ ហិកតាទៅដល់ ១០០ ហិកតាឲ្យបានឆាប់ ខណៈបង្កងប្រភេទនេះមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិនៅពេលខាងមុខ។
លោក វេង សាខុន លើកបង្ហាញបង្កងដែលកំពុងចិញ្ចឹមក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological។ រូបថត សហការី
ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន ដឹកនាំក្រុមមន្ត្រីជំនាញចុះទៅពិនិត្យកសិដ្ឋានចិញ្ចឹមបង្កង Crabfish (ពូជអូស្ត្រាលី) របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃអាទិត្យ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលថ្ងៃចន្ទថា Crabfish ជាប្រភេទបង្កងងាយចិញ្ចឹម និងមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ និងនាំចេញ ព្រោះបើកម្ពុជាអាចចិញ្ចឹមបានច្រើនទីផ្សារនឹងមិនខ្វះទេ ជាក់ស្តែងក្នុងប្រទេសចិនបាននាំចេញបង្កងប្រភេទនេះទៅទីផ្សារអាមេរិក និងអឺរ៉ុបក្នុងតម្លៃរាប់ពាន់លានដុល្លារក្នុង ១ ឆ្នាំៗ។
លោកថ្លែងថា៖ «នេះជាមូលហេតុចម្បងដែលខ្ញុំចង់បណ្តុះគំនិតឲ្យប្រជាជនខ្មែរនាំគ្នាចិញ្ចឹមបង្កងប្រភេទ Crabfish ព្រោះវាងាយចិញ្ចឹម និងមានតម្រូវការច្រើន»។
Crabfish គឺជាប្រភេទបង្កងដែលមានសម្បកក្រាស់ ងាយចិញ្ចឹម (អាចចិញ្ចឹមតាមវាលស្រែ និងក្នុងស្រះបាន) មិនងាយស្លាប់ និងអាចធ្វើបំផ្លាស់ទីបានដូចសត្វក្តាម ជាពិសេសចំណីរបស់វា គឺគេអាចផលិតខ្លួនឯងបានដោយគ្រាន់តែយកសណ្តែកសៀង ដំឡូង ពោត និងស្រូវកិនលាយគ្នាតែប៉ុណ្ណោះ។ នេះបើតាមលោក សាខុន។
លោកបន្ថែមថាទោះយ៉ាងណាការចិញ្ចឹមបង្កងនេះក៏មានបញ្ហាប្រឈមមួយចំនួនដែរ ជាពិសេសគឺកង្វះខាតប្រព័ន្ធធារាសាស្ត្រ។ លោកថ្លែងបានថា៖ «ប្រសិនបើមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ ការចិញ្ចឹមបង្កងប្រភេទនេះនៅកម្ពុជានឹងអាចមានកំណើនឆាប់រហ័ស»។
យោងតាមលោក សាខុន បច្ចុប្បន្នបង្កងប្រភេទនេះក៏មានការចិញ្ចឹមជាលក្ខណៈគ្រួសារខ្លះៗដែរនៅកម្ពុជា ខណៈការចិញ្ចឹមទ្រង់ទាយធំដូចក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd គឺមិនទាន់មាននោះទេ។
លោកប្រាប់ទៀតថា បច្ចុប្បន្នក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd កំពុងចិញ្ចឹមបង្កងលើផ្ទៃដីទំហំ ២៥ ហិកតាដោយគ្រោងនឹងពង្រីកឲ្យដល់ ១០០ ហិកតាក្នុងពេលឆាប់ៗក្នុងនោះ ៧០ ហិកតាសម្រាប់ផលិតបង្កងសាច់ និង ៣០ ហិកតាទៀតសម្រាប់ផលិតមេបា និងកូនពូជ។
ជាមួយគ្នានេះលោកក៏បានលើកឡើងថា ការចូលរួមបង្កើនការធ្វើវារីវប្បកម្មក៏ដើរស្របគ្នាជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការពង្រឹងភាពម្ចាស់ការ និងបង្កើនការនាំចេញផលិតផលនៅក្នុងវិស័យកសិកម្មផងដែរ។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងជាមួយក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd បានទេកាលពីថ្ងៃម្សិលមិញ។
តែបើយោងតាមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd បានឲ្យដឹងថា កសិដ្ឋាននេះបានចាប់ផ្តើមដំណើរការកាលពីឆ្នាំ ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗមានដូចជា ជីកស្រះ ចិញ្ចឹមមេ អាងភ្ញាស់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងកសិដ្ឋានជាច្រើនទៀត។ បច្ចុប្បន្នក្រុមហ៊ុនកំពុងសាកពិសោធភ្ញាស់ និងចិញ្ចឹមកូនពូជឲ្យស្របតាមក្សេត្របរិស្ថាននៅក្នុងតំបន់នេះក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្មផលិតបង្កងសាច់ឱ្យបាន ១ តោនក្នុង ១ ថ្ងៃ និងកើនឡើងជាបន្តបន្ទាប់។
បច្ចុប្បន្នបង្កង (Crabfish) លក់នៅកសិដ្ឋានក្នុងតម្លៃ ២៥ ដុល្លារក្នុង ១ គីឡូក្រាម។
យោងតាមអ្នកជំនាញខាងលើបច្ចុប្បន្នក្នុងកសិដ្ឋានមានកូនពូជប្រមាណ ៦០ ម៉ឺន ដែលអាចផ្តល់ផលប្រមាណ ៥០ តោន នៅរយៈពេល ៦ ខែ និងគ្រោងផលិតកូនឲ្យបាន ៥-១០ លានកូននៅឆ្នាំក្រោយ។ បច្ចុប្បន្នបង្កងប្រភេទនេះមានតម្លៃ ២៥ ដុល្លារក្នុង ១ គីឡូក្រាមនៅកសិដ្ឋាន។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យកាលពីថ្ងៃអាទិត្យបានស្នើឲ្យក្រុមហ៊ុនបង្កើនការភ្ញាស់កូនបង្កងដើម្បីលក់ និងផ្តល់បច្ចេកទេសដល់ប្រជាកសិករដែលមានបំណងចិញ្ចឹមបង្កងឲ្យបានច្រើនដើម្បីពង្រីកទីផ្សារនាពេលអនាគត។ ជាមួយគ្នាលោកក៏បានជំរុញឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកផលិតកម្មទៅតំបន់ផ្សេងៗទៀតផងដែរ។
របាយការណ៍ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ការចិញ្ចឹមត្រី និងបង្គាអនុវត្តបានចំនួន ៥១ ៨៦៦ តោន កើនឡើង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដែលមានចំនួនត្រឹមតែ ៤៣ ២២២ តោន។ ចំណែកកាលពីឆ្នាំ ២០១៩ ផ្នែកវារីវប្បកម្មអនុវត្តបានចំនួន ៣០៧ ៤០៨ តោនកើនឡើង ២១ ភាគរយពីចំនួន ២៥៤ ០៤៨ តោនកាលពីឆ្នាំ ២០១៨៕
(សរុបដោយ ហេង វុធ្ធ)
(ប្រភពព័ត៌មាន: postkhmer.com និង rasmeinews.com)


មតិពីមិត្តអ្នកអាន