ទោះបីមាន​ការ​រាលដាលនៃវីរ៉ុសកូរ៉ូណាពីប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំ​​​​របស់កម្ពុជា

15:08 | 03/02/2020 (សរុបដោយវិច្ឆិកា)

នេះបើតាមការលើកឡើងរបស់​លោក​ វង្សី វិស្សុត​ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បាន​ធ្វើឡើងនៅក្នុងវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ កាលបីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០​ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅបានស្វែងយល់លំអិតអំពីស្ថានភាព និងការគ្រប់​គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ ​ក៏ដូចជាដើម្បីបង្ហាញអំពីតម្លាភាពនៃការប្រើប្រាស់ និងបែងចែកធនធានសាធារណៈ ដែលទទួលបានពីកំណើន។

ថ្លែងក្នុងពិធីនោះ លោក វង្សី វិស្សុត មានប្រសាសន៍ថា ជារួម​កំណើនសេដ្ឋកិច្ចពិភពលោកកំពុង​មាននិន្នាការធ្លាក់ចុះ ដោយរួមទាំងតំបន់អាស៊ានផងដែរ។ ជាក់ស្តែង​សេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ មានកំណើនប្រមាណ​២,៩ ភាគរយ​ប៉ុណ្ណោះ ធៀបនឹងការព្យាករណ៍ប្រមាណ ៣,៤ភាគរយ​​។ លោកបន្តថា​ ក្នុងបរិការណ៍នៃការថមថយកំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់ខាងលើនេះ​ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នៅតែមានភាពរឹងមាំ ក្នុងរង្វង់​៧ភាគរយ​ ទោះបីត្រូវប្រឈមនឹងហានិភ័យពីខាងក្រៅ ហើយសកម្មភាពសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរខែចុង​ឆ្នាំមានការថមថយខ្លះ ពិសេសវិស័យទេសចរណ៍ និងសំណង់ក្តី។ ប្រការនេះ អាចធ្វើឱ្យយើងចាត់ទុកថា កម្ពុជាជាប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងអាស៊ាន។ អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាប ហើយអត្រាប្តូរប្រាក់នៅតែបន្តមានស្ថិរភាពល្អ ក្នុងខណៈដែលអត្រាអ្នកអត់ការងារធ្វើ តាមការអង្កេតរបស់ WB មានប្រមាណតែ​០,៣ភាគរយ​ ប៉ុណ្ណោះ។ ការនាំចេញមានសន្ទុះកំណើនល្អ ដោយមានការកើនឡើងប្រមាណ​១៥ភាគរយ​ ហើយលំហូរទុនវិនិយោគផ្ទាល់ពីបរទេសមានកំណើនរហូតទៅដល់​១៣ភាគរយ​ នៃ ផសស ដែលធ្វើឱ្យតុល្យភាពនៃជញ្ជីងទូទាត់កាន់តែមានលក្ខណៈល្អប្រសើរជាទូទៅ។

លោក វង្សី វិស្សុត៕

ទុនបម្រុងអន្តរជាតិបានកើនឡើងរហូតដល់ប្រមាណជាង​១៧,៤ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាបាននូវការនាំចូលរហូតទៅដល់ប្រមាណ​៨ខែ។ ទន្ទឹម​នឹងការសម្រេចបាននូវកំណើន​​សេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ហើយម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាពខាងលើនេះ កម្ពុជាក៏សម្រេច​បាន​នូវលទ្ធផលល្អប្រសើរនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនដ៏រឹងមាំ និងកាន់តែមានចីរភាព នៅក្នុងការប្រមូលចំណូលគ្រប់ប្រភេទ និងប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងការគ្រប់គ្រងចំណាយថវិកាជាតិ។ ប្រការនេះ បានធ្វើ​ឱ្យយើងសម្រេចបាននូវអតិរេកថវិកាចរន្តរហូតទៅដល់ជាង​៨ភាគរយ​ នៃ ផសស ធៀបនឹងការគ្រោងប្រមាណតែ​២,៨១ នៃ ផសស ប៉ុណ្ណោះ ដែល​ធ្វើឱ្យប្រាក់សន្សំរបស់រាជរដ្ឋាភិបាលបានកើនឡើងដល់ប្រមាណ​១៨ភាគរយ​ នៃ ផសស សម្រាប់ពង្រីកលំហថវិកា និងធនធានថវិកា​បម្រុងទុកសម្រាប់ត្រៀមទប់ទល់នឹងវិបត្តិ និងហានិភ័យផ្សេងៗជាយថាហេតុ។ ទន្ទឹមនឹងនេះ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែមានចីរភាព និង​ហានិភ័យកម្រិតទាប។ បើគិតបញ្ចូលទាំងបំណុលសាធារណៈ និងបំណុលឯកជន, ស្ថានភាពបំណុលរបស់ប្រទេសយើងនៅមានកម្រិតទាបនៅឡើយ ដែលនេះជាចំណុចខ្លាំងរបស់យើង។

អំពីបញ្ហា EBA លោក វង្ស៊ី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះ៖ «បញ្ហា EBA សូមបញ្ជាក់ថា មិនមែន៥០ភាគរយនោះទេ ២០ភាគរយលើខោអាវ និង៣០ភាគរយ លើស្បែកជើង ដូច្នេះជាមធ្យមតែជាង២០ភាគរយទេ។ តាមការគណនារបស់មន្ដ្រី របស់យើងខ្ញុំនៅទីនេះ វាប៉ះពាល់ការនាំចេញ ក្នុងទំហំទឹកប្រាក់៥០០លានដុល្លារ លើទំហំនាំចេញរាប់ពាន់លានដុល្លារ»។ ទោះបីជាយ៉ាងណាក្ដី លោក វង្ស៊ី វិស្សុត បានបញ្ជាក់ថា នេះគ្រាន់តែជាព័ត៌មានក្រៅផ្លូវការនោះទេ ព័ត៌មានផ្លូវការនឹងដឹងការពិតយ៉ាងលម្អិត នៅទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។ លោកថា «ទោះបីជា២០ភាគរយ ៣០ភាគរយ ៥០ភាគរយ ១០០ភាគរយ ឬ០ភាគរយ យើងត្រៀមបាន បើសិនជាបាត់ប៉ុណ្ណឹង យើងគិតថា ការបាត់បង់ការងារ៣ម៉ឺននាក់ជាង»។ មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានឲ្យដឹងផងដែរថា មួយៗគិតថាវិស័យផ្សេងៗ អាចជួយរួមចំណែកច្រើន ប៉ុន្ដែឧស្សាហកម្មដូចគ្នា មានកន្លែងពីរ ដែលជួយស្រូប ទី១៖ ឧស្សាហកម្មពាក់ព័ន្ធនៃការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក និងទី២៖ កន្លែងឧស្សាហកម្មមិនមែនកាត់ដេរ ដែលយើងឃើញថា មានកំណើនស្ថិតលើ១០ភាគរយ និងមានទំហំវិនិយោគកន្លងទៅ៤៤គម្រោង។ លោក វង្ស៊ី វិស្សុត បានបញ្ជាក់ថា «ខ្ញុំគិតថា ត្រឹមតែប៉ុណ្ណឹងអ្នក (បាត់បង់ការងារ៣ម៉ឺននាក់ជាង) ដូចជាមិនធ្វើឲ្យមានអី ព្រួយបារម្ភណាស់ណានោះទេ យើងអត់បារម្ភទេប៉ុណ្ណឹង យើងបារម្ភខ្លាំងជាងហ្នឹង»។ បន្ថែមពីនោះទៀត លោក រង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា ចំពោះបញ្ហា EBA វាមិនស្ថិតថេរទេគ្រាន់តែមុន និងក្រោយ ដូច្នេះកម្ពុជា ត្រូវតែត្រៀមខ្លួនពីឥឡូវបណ្ដើរៗ ហើយត្រូវមានវិធានការដោះស្រាយបញ្ហានេះ ឲ្យមានភាពយូរអង្វែងកុំឲ្យតែគេថា កុំតែគេអនុគ្រោះបានរស់។

លោក វង្សី វិស្សុត ​លើកឡើងទៀតថា ក្របខណ្ឌថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំឡើង ដើម្បី ទី១​. ទប់នឹងភាពមិនច្បាស់លាស់ និងហានិភ័យទាំងឡាយ ដូចបានគូសបញ្ជាក់ខាងលើ និងទី២​. បន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដូចមាន​កំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក៏ដូចជាអាទិភាពគោលនយោបាយផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដើម្បីបន្តចាក់គ្រឹះ និងអាចឈរជើងងើបឡើងពីការគាប់សង្កត់​ ពីភាពថមថយ ឬពីវិបត្តិណាមួយ ហើយប្រែក្លាយការគម្រាមកំហែង​ វិបត្តិ និងហានិភ័យទាំងនេះ ឱ្យក្លាយទៅជាឱកាសនៃការកែទម្រង់ សម្រាប់ការឈានឡើងរបស់កម្ពុជាក្នុងរយៈពេលវែង ក្នុងដំណើរឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រ​ទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយភាពជោគជ័យ តាមការរំពឹងទុក។ លោកបន្តថា ក្រៅពីការអនុវត្តគោលនយោបាយវិត្ថារកម្ម, ថវិកាឆ្នាំ២០២០ ក៏ជាថវិកាសម្រាប់ជំរុញកំណើន (Stimulus) ផងដែរ តាមរយៈការបង្កើនការចំណាយ ដើម្បីលើកកម្ពស់តម្រូវការក្នុងសេដ្ឋកិច្ច។

លោក វង្សី វិស្សុត អះអាងថា កញ្ចប់ថវិកាសម្រាប់ជំរុញកំណើននេះ នឹងត្រូវប្រើប្រាស់ដោយតម្រង់​ទៅលើការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធនៅក្នុងសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ដែលរួមមាន​បញ្ហាភាពប្រកួតប្រជែង និងបញ្ហាពិពិធកម្មសេដ្ឋកិច្ច និងមួយផ្នែកទៀត ផ្តោតទៅលើការស្រូបយកការប៉ះទង្គិចពីវិបត្តិ តាមរយៈការបង្កើតការងារ, ការអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម និងការផ្តល់ការបណ្តុះបណ្តាលជំនាញ។ ក្រៅពីការជំរុញកំណើន តាមរយៈការបង្កើនចំណាយខាងលើនេះ​ យើងក៏កំពុងមានគិតគូរបន្ថែមទៀតទៅដល់ការអនុគ្រោះពន្ធចំពោះវិស័យជាក់លាក់មួយចំនួន។ ​

លោក វង្សី វិស្សុត ​បញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ នេះ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបាននូវកំណើនថវិការហូតទៅដល់​៥១,៤ភាគរយ ក្នុងខណៈដែលថវិកាថ្នាក់ជាតិមានកំណើនត្រឹមតែ​២០,៧ភាគរយ ដែលធ្វើឱ្យថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិមានចំណែកស្មើនឹងប្រមាណ​១០ភាគរយ​ នៃចំណាយថវិការដ្ឋសរុប។ ប្រការនេះ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ទេរនូវធនធានកាន់តែច្រើនឡើងៗដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នាក់ឃុំ-សង្កាត់៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ