សម្តេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីឱ្យខិតខំពង្រឹង និងពង្រីកទំនាក់ទំនងជាមួយអាមេរិក

19:34 | 26/10/2019 (ហេង វុធ្ធី)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំមន្ត្រីនៅគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើសកម្មភាពឱ្យបានព្រមៗគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីឱ្យខិតខំពង្រឹង និងពង្រីកទំនាក់ទំនងជាមួយអាមេរិក (Freshnews)

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ។ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឱ្យកាន់តែល្អប្រសើរនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំមន្ត្រីខ្មែរឱ្យធ្វើសកម្មភាពមួយចំនួនដូចជា សហការរៀបចំទិវាបុណ្យខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក រៀបចំជាការសម្ដែងសិល្បៈ កីឡា ការជួបជុំអតីតនិស្សិតធ្លាប់រៀននៅអាម៉េរិក បេសកកម្មរុករកអដ្ឋិធាតុទាហានអាម៉េរិកបាត់ខ្លួននៅកម្ពុជា និងកម្មវិធីភីសខប (Peace Corps) ដែលជាការងារលើកកម្ពស់មិត្តភាព សន្តិភាពអន្តរជាតិ តាមរយៈសេវាកម្មអ្នកស្ម័គ្រចិត្តអាម៉េរិក។

នៅក្នុងកិច្ចប្រជុំនៅថ្ងៃម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ចំពោះការលើកឡើងរបស់ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីរបស់អាម៉េរិកប្រចាំនៅកម្ពុជា ដែលបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់សហរដ្ឋអាម៉េរិក ក្នុងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា និងមិនគាំទ្រការផ្លាស់ប្ដូររបប ឬរដ្ឋាភិបាលតាមរយៈការប្រើអំពើហិង្សាឬសកម្មភាពផ្សេងណាមួយ ក្រៅពីតាមបែបប្រជាធិបតេយ្យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិក មិនមែនចាប់ផ្ដើមពីចំណុចសូន្យនោះទេ គឺជាការបន្តនូវទំនាក់ទំនងល្អដែលធ្លាប់មានពីមុនមក។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់របស់ខ្លួនជាលើកដំបូងជាមួយប្រទេសកម្ពុជា នៅថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ១៩៥០។ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ត្រូវបានមើលឃើញមិនសូវជាល្អប្រសើរនោះឡើយ។

ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងក៏មានភាពរកាំរកូសខ្លាំងផងដែរ ដោយអាមេរិកតែងលើកពីបញ្ហាឱនភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងគំរាមដាក់សម្ពាធផ្សេងលើកម្ពុជា។ ការលើកឡើងរបស់អាមេរិក ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបជារឿយៗ។ ទន្ទឹមនឹងការឆ្លើយតប កម្ពុជា ក៏តែងរំលឹកការគាំទ្ររបស់អាមេរិក ដល់ការធ្វើរដ្ឋប្រហាររបបដឹកនាំសង្គមរាស្ត្រនិយាមរបស់សម្តេច នរោត្តម សីហនុ រហូតនាំកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមជាដើម។

តែទំនាក់ទំនងកម្ពុជា និងអាមេរិក ត្រូវបានគេមើលឃើញកំពុងវិវឌ្ឍន៍មករកស្ថានភាពល្អប្រសើរឡើងវិញ ក្រោយពេលលោក W.Patrick Murphy បានមកដល់ប្រទេសកម្ពុជា និងចាប់ផ្តើមការងាររបស់លោកពីខែកញ្ញា ឆ្នាំ២០១៩មកនោះ។

ភាពវិវឌ្ឍន៍ល្អប្រសើរនៃទំនាក់ទំនងត្រូវបានស្តែងឱ្យឃើញតាមរយៈសកម្មភាពមួយចំនួនរបស់ឯកអគ្គរដ្ឋទូតដែលមានពិសោធន៍ការងារឆ្អិនឆ្អៅនៅតំបន់អាស៊ីរូបនេះ។ ជាពិសេសក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា លោក Murphy បានបង្ហាញជំហរច្បាស់លាស់របស់លោកក្នុងការពង្រឹងទំនាក់ទំនង គោរពអធិបតេយ្យរបស់កម្ពុជា ដោយមិនលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខលោកទូតអាមេរិក ក៏បានបង្ហាញពីជំហរសហការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព