លោក Budi Karya Sumadi រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានបង្ហើបឲ្យដឹងនៅក្នុងជំនួបរវាងលោកស៊ុន ចាន់ថុល ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ដែលមានបំណងចង់ពង្រីកនូវអាជីវកម្ម និងវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែនៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហប្រតិ បត្តិការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
ឥណ្ឌូនេស៊ីគ្រោងវិនិយោគលើវិស័យផ្លូវដែកនិងកំពង់ផែនៅកម្ពុជា
ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងកំពង់ផែ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី លោក Budi Karya Sumadi រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋឥណ្ឌូនេស៊ី គ្រោងវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែនៅកម្ពុជា ព្រោះប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋដ៏ធំផលិតទូ និងក្បាលរថភ្លើង ដែករ៉ៃ និងគ្រឿងបង្គុំផ្សេងៗ សម្រាប់បម្រើឲ្យការលើកកម្រឹត និងការសាងសង់ផ្លូវដែក ហើយចំពោះកំពុងផែវិញ ប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋធំៗផលិតនាវា គ្រឿងឧបករណ៍សម្ភារៈបរិក្ខាកំពង់ផែផងដែរ។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគម្រោងលើកកម្រិតផ្លូវដែករបស់កម្ពុជា ដែលមានស្រាប់ និងគម្រោងសាងសង់ផ្លូវដែកថ្មី ព្រមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែរបស់កម្ពុជា ហើយលោករដ្ឋមន្ត្រីក៏បានស្វាគមន៍ដល់បំណងធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគរបស់ឥណ្ឌូនេស៊ី និងលើកទឹកចិត្តឲ្យភាគីឥណ្ឌូនេស៊ី មកសិក្សានិងពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ក៏បានស្នើដល់រដ្ឋាភិបាលឥណ្ឌូនេស៊ីពិចារណាឡើងវិញ លើការទិញអង្ករពីប្រទេសកម្ពុជា ដែលភាគីទាំងពីរបានចុះអនុស្សរណៈជាមួយគ្នា កាលពីឆ្នាំ២០១២ កន្លងមក ខណៈរដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូនេស៊ី បានសន្យាពាំនាំនូវសំណើរបស់លោក ស៊ុន ចាន់ថុល ដល់ក្រសួងមានសមត្ថភាពដើម្បីពិចារណា៕

មតិពីមិត្តអ្នកអាន