សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា កម្ពុជា និងជប៉ុន អាចពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ មួយចំនួនដូចជា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការប្រឆាំងការសម្អាតប្រាក់ជាដើម។ ការលើកឡើងនេះ ធ្វើឡើងនៅជំនួបជាមួយលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន ទើបចប់អាណត្តិ នៅថ្ងៃទី២០ ខែសីហា នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និង លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន (រូបថត៖ kleykley.sabay.com.kh)
សម្ដេច ស ខេង ក៏បានអរគុណចំពោះរដ្ឋាភិបាលជប៉ុន បានផ្ដល់កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលមូលដ្ឋាន របស់កម្ពុជាដែលជាការឆ្លើយតបមួយ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់អនុវត្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធរបស់ជប៉ុន ដូចជាខាងទីភ្នាក់ងារនគរបាលជាតិជប៉ុន អង្គភាពប្រឆាំងភេរវកម្មរបស់ជប៉ុន។
នៅក្នុងជំនួបនេះដែរ លោក Hidehisa HORINOUCHI បានសំដែងនូវក្ដីរីករាយនូវកិច្ចសហប្រតិបត្តិការ ការកើនឡើងរវាងកម្ពុជានិងជប៉ុន លើវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច និងការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក នៅក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សផងដែរ៕
(ប្រភព៖ sabay.com.kh សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន