លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី០៥ សីហា បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ឱ្យខិតខំប្រឹងប្រែងរួមគ្នារក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានក្នុងអត្រា៧%ជារៀងរាល់ឆ្នាំ។ លោកហ៊ុន សែន និយាយថា នេះដោយសារតែអភិបាលកិច្ចល្អ ហើយបើអភិបាលកិច្ចរបស់កម្ពុជាស្មោកគ្រោក សេដ្ឋកិច្ចកម្ពុជា ក៏មិនអាចឈរនៅកំពូលតារាង ដែលសម្រេចបានកំណើនអត្រា៧%នៅឆ្នាំ២០១៩ ខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលរវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកហ៊ុន សែន អះអាងថា ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍ ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងចំណោមបណ្តាលប្រទេសអាស៊ាន គឺនៅខ្ពស់ជាងគេ គឺ៧% ដែលឈរលេខ១ ឯវៀតណាមទី២ ដែលនៅក្រោម៧%។ លោកថា កម្ពុជា មិនអាចទទួលកំណើនសេដ្ឋកិច្ច៧% បានទេ ប្រសិនបើអភិបាលកិច្ចស្មោកគ្រោក។ លោកបន្តថា អភិបាលកិច្ចមិនមែនគ្រាន់តែទាក់ទងជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទាក់ទងជាមួយនឹងបញ្ហាថវិកានោះទេ ក៏ប៉ុន្តែវាទាក់ទងទាំងអស់ ជាកញ្ចប់តែម្តង។
សូមជម្រាបថា ថ្មីៗនេះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថាផលិតផលនៅក្នុងស្រុក ឬ GDP របស់កម្ពុជា នឹងមានអាត្រាកំណើន៧%នៅឆ្នាំ២០១៩នេះ ដែលជាកំណើនខ្ពស់ជាងគេបំផុត ក្នុងចំណោមបណ្ដាប្រទេស ជាសមាជិកអាស៊ានដទៃទៀត។
នៅក្នុងរបាយការណ៍មួយរបស់ខ្លួន ADB ក៏បានបញ្ជាក់ដែរថា GDP របស់កម្ពុជានឹងមានអាត្រាកំណើន៦.៨%នៅឆ្នាំ២០២០ ខណៈអតិផរណានឹងមានអាត្រា២.៥ %ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ លើសពីនេះទៅទៀត GDP សម្រាប់ប្រជាជន កម្ពុជាម្នាក់ក៏ត្រូវបានរំពឹងផងដែរថា នឹងមានកំណើន៤.៤%ក្នុងឆ្នាំ២០១៩ និង៤.២%ក្នុងឆ្នាំ២០២០។
ចំណែក ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុពិភពលោក (IMF) សុទ្ធតែបានព្យាករផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជា នៅរក្សាកំណើនរង្វង់ជិត៧% ក្នុងឆ្នាំ២០១៩។
ប៉ុន្តែ បើតាមការស្រាវជ្រាវ មួយនៃគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ដែលមានការចូលរួមរបស់ធនាគារពិភពលោកផងដែរ បានមើលឃើញថា គុណភាពនៃអភិបាលកិច្ច ដោយក្នុងនោះមានទាំងការគ្រប់គ្រងអំពើពុករលួយផង មានផលប៉ះពាល់ជាខ្លាំងមកលើកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ការស្រាវជ្រាវ បង្ហាញថា បើទោះជាប្រទេសមួយចំនួន មានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលខ្លី តែបើក្នុងស្ថានភាពអភិបាលកិច្ចមិនល្អ និងមានអំពើពុករលួយជ្រាលជ្រៅ គឺកំណើនសេដ្ឋកិចនេះ និងផុយស្រួយ និងមិនស្ថិតស្ថេរឡើយ។
កន្លងមក ក្រុមអ្នកតាមដានសង្គម និងអភិបាលកិច្ចនៅកម្ពុជា នៅតែមើលឃើញពីកម្សោយនៃអភិបាកកិច្ច ក្នុងនោះ មានដូចជា កង្វះធនធានមនុស្ស កង្វះប្រព័ន្ធគ្រប់គ្រងដោយប្រសិទ្ធភាព និងកង្វះតម្លាភាពអំពីចំណូលចំណាយដែលទទួលបានពីធនធាន គឺជាឧបសគ្គមិនអាចធ្វើឲ្យប្រទេសរីកចម្រើនបាន៕
(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន