ឧទ្យានជាតិវីរៈជ័យ៖ សក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិដែលអ្នកធ្វើដំណើរផ្សងព្រេងគួរសាកល្បង

13:36 | 18/07/2020 (សរុបដោយ ហេង វុធ្ធី)

ឧទ្យានជាតិវីរៈជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែងដែលមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ បើយើងនិយាយពីសក្តានុពលក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃ​គឺជាអ្វី​ដែល​ធ្វើឱ្យ​ឧទ្យានជាតិ​មួយ​នេះ​មាន​សម្រស់ស្រស់​ត្រកាលបង្អួតអ្នកដែលបានទស្សនា និងរងចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល។

ឧទ្យានជាតិវីរៈជ័យ

ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា សត្វស្វា កន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ មិនត្រឹមតែ​ប៉ុណ្ណោះ នៅពេលដែលចូលទៅព្រៃជ្រៅនោះមានទឹកជ្រោះមួយហៅថា(ទឹកជ្រោះយក្សកែ)នៅរដូវវស្សាទឹកធ្លាក់នោះ ស្អាតណាស់ហើយថ្លាមែនទែនដែលគួរចាប់អារម្មណ៍យ៉ាងខ្លាំងដែលមានទឹកគ្រប់គ្រាន់សំរាប់ការលេង​យ៉ាង​សប្បាយ។

ដើម្បីទៅដល់ទីតាំងកំសាន្តនេះ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណ១៥​គីឡូ​ម៉ែត្រពីស្រុកតាវែងទៅដល់ភូមិមណ្ឌលយ៉ន​ដែលអ្នកទេសចរត្រូវឆ្លងកាត់ទន្លេសេសាន និងអូរតាបូកនៅ​ទីនោះហើយដែលអ្នកទេសចរអាចមើលឃើញផ្កាព្រៃ ទេសភាពតាមដងព្រៃជាដើម។ ដោយឡែកនៅក្នុងតំបន់ស្រស់ត្រកាលនេះ ជនជាតិដើមភាគតិចព្រៅ គឺជាម្ចាស់​ស្រុកដែល​នឹងធ្វើ​បដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរណ៍ដែលផ្តលការស្នាក់នៅដោយ​ផាសុខភាព​បែបជនជាតិ និង​ការរីករាយ​ជាមួយវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ។

ឧទ្យានជាតិវីរៈជ័យមានសម្រស់ត្រកាលនៃធម្មជាតិ

ក្រៅពីនោះ តំបន់ទេសចរណ៍ភ្នំវាលធំ នៃឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី មានទេសភាពស្រស់ស្អាតគួរជាទីគយគន់គ្រប់រដូវកាល ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តមិនចេះដាច់។

លោកស្រី ឡយ ហង្សដា មន្ត្រីនៃការិយាល័យឧទ្យានជាតិវីរៈជ័យ បានប្រាប់ឲ្យដឹងថា ភ្នំវាលធំជាតំបន់មានវាលស្មៅខៀវខ្ចីស្រងាត់ បង្កើតជាទេសភាពស្រស់ស្អាតនៅតាមជួរជ្រលងភ្នំ ព្រមទាំងមានបរិយាកាសស្រស់ស្រាយ នឹងត្រជាក់ មិនចាញ់ខេត្តមណ្ឌលគិរីឡើយ ជាពិសេសជាកន្លែងទេសចរណ៍បែបផ្សងព្រេង។ លោកស្រីបានបន្តថា ភ្ញៀវទេសចរអាចឡើងទៅលេងទីនោះបាន តាមរយៈការធ្វើដំណើរដោយថ្មើរជើងប្រហែល ៦ម៉ោង ឬការជិះម៉ូតូកែច្នៃ ហើយអាចបោះតង់សំរាកលំហែនៅទីនោះបាន។ លើសពីនេះ ភ្ញៀវទេសចរអាចថតរូបទុកជាអនុស្សាវរីយ៍ ស្តាប់ឮសំឡេងសត្វព្រៃតូចធំ និងបានឃើញសត្វទាំងនោះដូចជា៖ ឈ្លូស ក្តាន់ ប្រើស និងសត្វព្រៃជាច្រើនទៀត ក្នុងឧទ្យាននេះផងដែរ។

ឧទ្យានជាតិវីរៈជ័យមានសម្រស់ត្រកាលនៃធម្មជាតិ

លោកស្រីបានបន្តថា ៖ «ខែហ្នឹងនិយាយពីទេសភាពគឺស្អាត ហើយបើសត្វគឺក៏សំបូរដែរ នៅខាងនោះគ្រាន់តែវាពិបាករឿងផ្លូវឡើងទៅ បើសិនជាខែភ្លៀង វាមានការពិបាកក្នុងការឡើង ប៉ុន្តែជនជាតិបារាំងគាត់ចូលចិត្តទៅ ខែហ្នឹងស្អាតនិយាយថាស្អាត ហើយនៅទីហ្នឹងមានតំបន់ប្រវត្តិសាស្រ្ត ច្រើនមានជ្រោះក៍មាន ភ្នំក៏មាន ហើយសត្វក៏មាន គាត់អាចលឺសម្លេងសត្វទោចយំអញ្ចឹង ពេលខ្លះគាត់បានជួបទៀត គាត់បានឃើញដូចជាប្រើសអីជាដើម ចំណែកឯជ្រូកព្រៃភាគច្រើន គាត់ឃើញតែស្នាមដានជើងក៏ពួកគាត់សប្បាយចិត្តដែរ»។

ឧទ្យានជាតិវីរៈជ័យមានសម្រស់ត្រកាលនៃធម្មជាតិដែលអ្នកធ្វើដំណើរផ្សងព្រេងគួរសាកល្បង

លោកស្រីបានបន្ថែមទៀតថា ប្រសិនបើភ្ញៀវទេសចរ ចង់ទៅលេងកម្សាន្ត ឬបោះតង់សម្រាកលំហែ នៅក្នុងឧទ្យាននេះ គឺត្រូវទាក់ទងមកការិយាល័យអេកូទេសចរណ៍ធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី ជាមុនសិន ព្រោះតែកន្លែងទេសចរណ៍នេះ ជាតំបន់គ្រប់គ្រងដោយឧទ្យានុរក្សបរិស្ថាន ពោលជាកន្លែងដែលអភិរក្សយ៉ាងមុតមាំក្នុងការការពារព្រៃឈើ និងដែនជំរកសត្វព្រៃ ហើយបានចុះបញ្ជីជាតំបន់ការពារបេតិកភ័ណ្ឌរបស់អាស៊ានទៀតផង។

ឧទ្យានជាតិវីរៈជ័យមានសម្រស់ត្រកាលនៃធម្មជាតិដែលអ្នកធ្វើដំណើរផ្សងព្រេងគួរសាកល្បង

គួរបញ្ជាក់ថា តំបន់ទេសចរណ៍វាលធំ ស្ថិតក្នុងឃុំកោះប៉ង ស្រុកវើនសៃនិងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគីរី នៃឧទ្យានជាតិវីរៈជ័យ ដែលជាជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់សត្វស្លាប ២០០ប្រភេទ ថនិកសត្វ ១៥ប្រភេទ ល្មូន៣៥ប្រភេទ មច្ឆា ៣៧ប្រភេទ កណ្តូប១៩ប្រភេទ និងប្រភេទសត្វផ្សេងៗទៀត៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: moe.gov.kh និង khmerpostasia.com)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត