កម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញ ប្រចាំឆ្នាំលើកទី១៣ ឆ្នាំ២០១៩នេះ បានត្រលប់មកវិញហើយ ជាពិសេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ជាលើកទី២ ដែលមានកញ្ញាឯកដ៏ស្រស់ស្អាតចំនួន ៣០រូបលើពិភពលោកចូលរួម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ខណៈរង់ចាំប្រកួតវគ្គផ្តាច់ព្រ័ត្រនៅសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។
កម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកទី២ ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ ឆ្នាំ២០១៩
កម្មវិធីនេះមានការគាំទ្រពីក្រសួងទេសចរណ៍កម្ពុជា ហើយជាវេទិកាដើម្បីបង្ហាញ ព្រះរាជាណាចក្រអច្ឆរិយៈ វិស័យទេសចរណ៍ និងវប្បធម៌ដ៏ល្អផូរផង់ និងថ្លៃថ្នូររបស់ប្រទេសកម្ពុជា ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ និងលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ជាតិខ្មែរផងដែរ។
ក្នុងកម្មវិធីនេះ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ កញ្ញាឯកទាំងអស់នឹងចូលរួមប្រកួត «ឈុតសម្លៀកបំពាក់ប្រពៃណ៌» នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ នៅថ្ងៃទី១០ ខែធ្នូនេះ។ កញ្ញាកំពូលសម្រស់ទាំងអស់ ក៏នឹងចូលរួមក្នុងសកម្មភាពលើកកម្ពស់វប្បធម៌ខ្មែរ និងសកម្មភាពសប្បុរសធម៌ជាច្រើន ជុំវិញភ្នំពេញផងដែរ រួមទាំងការទស្សនកិច្ចទៅកន្លែងទេសចរណ៍សំខាន់ៗទៀតផង។
រូបថតៈ FN
ចំពោះវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូនេះ នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលបេក្ខនារីម្នាក់នឹងត្រូវគ្រងមកុដជាកញ្ញាឯក និងលេខពីរចំនួន៤រូប ខណៈពានរង្វាន់ពិសេសនឹងត្រូវប្រគល់ដល់កញ្ញា ដែលស្រស់ស្អាតជាងគេក្នុងឈុតប្រពៃណី និងផ្ដោតលើមានទេពកោសល្យជាងគេ ប្រជាប្រិយជាងគេ និងថតរូបស្អាតជាងគេផងដែរ។
អំពីកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិនេះ សហគ្រិនជនជាតិម៉ាឡេស៊ីលោក Tan Sri Datuk Danny Ooi បានបង្កើតកម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិនេះ ឡើងក្នុងខែធ្នូ ឆ្នាំ២០០៧ ជាមួយគោលបំណងបង្កើតឱកាសអភិវឌ្ឍអាជីពនិងជំនាញច្រើនជាងមុនដល់សុភាពនារីទូទាំងពិភពលោក៕
(ប្រភព៖ Fresh News)


មតិពីមិត្តអ្នកអាន