យុគសម័យ - នាថ្ងៃទី ១៩ សីហា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីធានានូវស្ថានភាពសន្តិសុខអំណោយផលនៅស៊ីរីក្នុងអំឡុងកិច្ចប្រជុំមួយស្តីពីគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី បានចាប់ផ្តើមការចរចាឡើងវិញបន្ទាប់ពីការផ្អាកអស់រយៈពេល ៩ ខែកន្លមក។
ប្រទេសវៀតណាមបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីធានានូវស្ថានភាពសន្តិសុខនៅស៊ីរី
នាថ្ងៃទី ១៩ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំតាមប្រព័ន្ធអនឡាញប្រចាំខែស្តីពីស្ថានភាពនយោបាយរបស់ប្រទេសស៊ីរី។ រាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ប្រេសិតពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅស៊ីរី លោក Geir Pedersen បានឲ្យដឹងថា ភាគីនានាកំពុងរៀបចំជំហានចុងក្រោយដើម្បីប្រារព្ធធ្វើឡើងសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការធម្មនុញ្ញនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីសនៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២០ ។ លោកក៏បានបន្ថែមទៀតថា ភាគីនានាបានចំណាយពេលអស់រយៈពេល ៩ ខែដើម្បីចាប់ផ្តើមដំណើរការចរចាឡើងវិញដោយសារតែភាពខុសគ្នាទាក់ទងនឹងរបៀបវារៈនិងដោយសារផលប៉ះពាល់នៃការរាតត្បាតកូវីដ១៩ផងដែរ។
ប្រេសិតពិសេសរូបនេះក៏បានបញ្ជាក់ថាលោកនឹងខិតខំជំរុញការសន្ទនាក្នុងចំណោមសមាជិកនៃគណៈកម្មាធិការនេះដើម្បីទទួលបានលទ្ធផលជាក់ស្តែង និងប្រសិទ្ធភាពដែលស្របតាមការរំពឹងទុករបស់ប្រជាជនស៊ីរីរាប់លាននាក់ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ចសង្គមដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសនេះផងដែរ។
អញ្ជើញចែករំលែកការព្រួយបារម្ភរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានានូវស្ថានភាពសន្តិសុខ ដើម្បីជួយសម្រួលដល់ការលើកកម្ពស់ដំណោះស្រាយខាងនយោបាយ ដោយឈលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលេខ ២២៥៤ នៃក្រុមប្រឹក្សាសន្តិសុខ។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវដល់សមាជិកនៃគណៈកម្មាធិការធម្មនុញ្ញធ្វើកិច្ចចរចាក្នុងស្មារតីសុឆន្ទៈនិងស្ថាបនា ហើយការចាប់ផ្តើមចរចាឡើងវិញក្រោយពីការផ្អាកក្នុងរយៈពេលយូរកន្លងមកគឺជាព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជំរុញដំណើរការនយោបាយលើគ្រប់ជ្រុងជ្រោយ។ លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការគាំទ្រដល់ទីក្រុងហ្សឺណែវ ជាពិសេសក្នុងការចាត់វិធានការនឹងបញ្ហាប្រឈមខាងសេដ្ឋកិច្ចសង្គម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន