យុគសម័យ - នាថ្ងៃទី ១៩ ខែមេសា ក្រុមទីប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN -BAC) បានអំពាវនាវដល់មេដឹកនាំអាស៊ានចាត់វិធានការជាបន្ទាន់ដើម្បីធានាដល់ខ្សែសង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់ចំណីអាហារនិងភេសជ្ជៈចាំបាច់ដោយមិនឲ្យរំខានដល់ប្រព័ន្ធទាំងនេះ។
ទិដ្ឋភាពនៃកិច្ចប្រជុំអាស៊ាន+៣ កាលពីថ្ងៃទី១៤ខែមេសា
ចំណុចនេះរួមបញ្ចូលទាំងការរក្សាព្រំដែនបើកចំហសម្រាប់ទំនិញនៅគ្រប់កម្រិតផងដែរ។ក្រុមប្រឹក្សាបានអំពាវនាវដល់មេដឹកនាំអាស៊ានអនុញ្ញាតឱ្យកម្លាំងពលករផ្នែកដឹកជញ្ចូននិងភស្ដុភារដែលពាក់ព័ន្ធនឹងវិស័យម្ហូបអាហារនិងភេសជ្ជៈបន្តធ្វើការដោយមានចាត់វិធានការការពារសមស្រប ដើម្បីធានាសុខភាពនិងសុវត្ថិភាពសម្រាប់កម្មករផងដែរ។ ទន្ទឹមនឹងនេះ ASEAN – BAC ក៏បានអំពាវនាវផងដែរដល់បណ្តាប្រទេសសមាជិកអាស៊ានធានាឱ្យមានការពិគ្រោះយោបល់ជាទៀងទាត់ជាមួយវិស័យធុរកិច្ចលើការសម្រេចចិត្តគោលនយោបាយណាមួយជុំវិញការផ្គត់ផ្គង់ស្បៀងអាហារដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ១៩ (Covid-19)។
ហេតុដូច្នេះ ASEAN – BAC ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចាត់វិធានការនិងសម្របសម្រួលគោលនយោបាយដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គមនៃជំងឺរាតត្បាតដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសនេះកាលពីថ្ងៃទី ១៤ ខែមេសាកន្លងមកផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន