(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុន Facebook របស់សហរដ្ឋអាមេរិកបានប្រកាសថា កម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp មានចំនួនអ្នកប្រើប្រាស់កើនឡើងដល់ ២ពាន់លាននាក់ហើយ នៅទូទាំងសកលលោក ហើយក្រុមហ៊ុនក៏សន្យាផងដែរថា នឹងសម្រួលការប្រើប្រាស់កម្មវិធីនេះឲ្យកាន់តែប្រសើរ ជាពិសេសគឺការពារទិន្នន័យឯកជននៃអ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
កម្មវិធី WhatsApp គ្រប់គ្រងដោយ Facebook កើនចំនួនអ្នកប្រើប្រាស់ដល់ «២ពាន់លាននាក់» នៅទូទាំងពិភពលោក!
Facebook បានចេញសេចក្តីប្រកាសយ៉ាងដូច្នេះថា «ប្រព័ន្ធសុវត្ថិភាពដ៏រឹងមាំ (strong encryption) ដើរតួជារនាំងមិនអាចបំបែកបាន ក្នុងនាមជាសោឌីថល ហើយវាគឺជាអ្នករក្សាព័ត៌មាននៅក្នុង WhatsApp ឲ្យមានសុវត្ថិភាពបំផុតពីក្រុមហេកខឺ និងឧក្រិដ្ឋជន»។
គួរបញ្ជាក់ថា Facebook បានទិញយកកម្មវិធី WhatsApp កាលពីឆ្នាំ២០១៤ នៅក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០១៦ វាបានកើនឡើងចំនួនអ្នកប្រើប្រាស់ ដល់ទៅ ១ពាន់លាននាក់យ៉ាងភ្ញាក់ផ្អើលបំផុត។ ការសម្រេចបាននេះគឺធ្វើឲ្យ WhatsApp ក្លាយជាបណ្តាញសង្គមទី ២ លើលោក ដែលអាចសម្រេចបានអ្នកប្រើប្រាស់សកម្ម ២ពាន់លាននាក់ ខណៈ Facebook ដែលមេរបស់វាវិញមាន ២.៥ពាន់លាននាក់៕
(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន