ប្រទេស កាណាដា បានស្នើសុំឲ្យមានជំនួបមួយជាមួយទីក្រុងប៉េកាំងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីព្យាយាមបញ្ចប់ករណីហាមឃាត់របស់ប្រទេស ចិន លើគ្រាប់កាណូឡាសម្រាប់ផលិតប្រេងបន្លែរបស់កាណាដា។ នេះយោងតាមការឲ្យដឹងរបស់លោក Jim Carr រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីចុងសប្តាហ៍មុន។
លោក Jim Carr រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេស កាណាដា។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយលោក Carr បានឲ្យដឹងថា កាណាដាបានលើកឡើងពីក្តីបារម្ភនៅក្រុមប្រឹក្សាទូទៅនៃអង្គការ WTO ក្នុងខែឧសភាអំពីការហាមឃាត់ដែលបានបង្កឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំង ២ រួចហើយ។
លោកថ្លែងថា ឥឡូវកាណាដា កំពុងស្វែងរកការប្រឹក្សាទ្វេភាគីផ្លូវការនៅអង្គការ WTO ដោយសារការជួបគ្នាផ្ទាល់ជាមួយចិន មិនបានឈានទៅរកដំណោះស្រាយណាមួយសម្រាប់ជម្លោះពាណិជ្ជកម្មនេះទេ។
ប្រទេសចិនគឺជាទីផ្សារធំបំផុតសម្រាប់គ្រាប់កាណូឡារបស់កាណាដាកាលពីឆ្នាំមុន ប៉ុន្តែកាលពីខែមីនា ប្រទេសចិនបានប្លុកការលក់ផលិតផលនេះដែលមានតម្លៃរាប់ពាន់លានដុល្លារដែលគ្រាប់នេះត្រូវបានប្រើប្រាស់សម្រាប់ផលិតប្រេងឆា ចំណីសត្វ និងជីវឥន្ធនៈដោយប្រទេសឲ្យដឹងថា គ្រាប់នេះមានសត្វល្អិតដែលបង្កគ្រោះថ្នាក់ ដែលត្រូវបានរកឃើញនៅក្នុងការនាំចូលមកចិន ជាអ្វីដែលកាណាដាបានបដិសេធ។ លោក Carr បានថ្លែងថា៖ «យើងត្រៀមខ្លួនផ្តល់ប្រព័ន្ធអធិការកិច្ចអាមេរិកដ៏រឹងមាំរបស់យើង»។
ទំនាក់ទំនងរវាងប្រទេសទាំង ២ បានល្អក់កករចាប់តាំងពីមានការចាប់ខ្លួនអ្នកស្រី Meng Wanzhou ប្រធានប្រតិបត្តិក្រុមហ៊ុន Huawei កាលពីខែធ្នូ ឆ្នាំ ២០១៨ ក្នុងប្រទេសកាណាដាមក៕
(ប្រភពព័ត៌មាន: postkhmer)

មតិពីមិត្តអ្នកអាន