ភាគហ៊ុនក្រុមហ៊ុនធំៗរបស់អាមេរិកធ្លាក់ថ្លៃ ជុំវិញករណីអាជីកម្មផ្តាច់មុខ

11:21 | 06/06/2019 (ប្រភព៖ postkhmer.com សរុបដោយសំណាង)

យុគសម័យ- សន្ទស្សន៍​របស់​ផ្សារហ៊ុន Nasdaq បាន​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​​ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Amazon បាន​រងគ្រោះ​ជាមួយ​​​នឹង​ការ​ធ្លាក់ចុះ​តម្លៃ​ហ៊ុន​ដោយសារ​សេចក្តី​រាយការណ៍​នានា​ថា ក្រុម​​មន្ត្រី​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ​​​របស់​អាមេរិក ​កំពុង​ចាត់​វិធានការ​ត្រួត​ពិនិត្យ​មើល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ។

សន្ទស្សន៍​ហ៊ុន Nasdaq Composite បាន​ធ្លាក់ចុះ ១,៦ ភាគរយ ​មក​នៅត្រឹម ៧ ៣៣៣,០២ ពិន្ទុ។

សន្ទស្សន៍​ហ៊ុន Dow Jones Industrial Average ដែល​តាម​ដាន​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធំៗ​ចំនួន ៣០ របស់​អាមេរិក​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​ក្រុង​ញូវយ៉ក និង​ផ្សារហ៊ុន Nasdaq បាន​កើន​ឡើង​តិច​ជាង ០​,១ ភាគរយ ដែល​បញ្ចប់​​នៅ​ត្រឹម ២៤ ៨១៩,៧៨ ពិន្ទុ ខណៈ​ដែល​សន្ទស្សន៍​ហ៊ុន S&P 500 បាន​ធ្លាក់ចុះ ០,៣ ភាគរយ ​មក​នៅត្រឹម ២ ៧៤៤,៤៥ ពិន្ទុ។

តារាងសន្ទស្សន៍​ភាគហ៊ុនរបស់​អាមេរិក​បង្ហាញពីការធ្លាក់ថ្លៃ ​ជុំវិញ​ករណី​អាជីកម្ម​ផ្តាច់​មុខ។

កាសែត Wall Street Journal ដែល​ដក​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ បាន​រាយការណ៍​ថា ក្រសួង​យុត្តិធម៌​អាមេរិក និង​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​បាន​ព្រមព្រៀង​សម្រប​សម្រួល​​ឲ្យ​មាន​ការ​អនុវត្ត​ប្រឆាំង​ការ​ធ្វើ​អាជីវកម្ម​ផ្តាច់​មុខ​​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​បំផុត ដោយ​​ក្រសួង​យុត្តិធម៌​ចាត់​វិធានការ​ជាមួយ​ក្រុមហ៊ុន Google ហើយ​​គណៈកម្មការ​ ពាណិជ្ជកម្ម​សហព័ន្ធ​ចាត់​វិធានការ​ជាមួយ​ក្រុមហ៊ុន Facebook និង​​ក្រុមហ៊ុន Amazon។

សេចក្តី​រាយការណ៍​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ភាព​​ចម្រូង​ចម្រាស​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ទាំង​នេះ និង​​កើត​មាន​ឡើង​ ខណៈ​ដែល​បេក្ខភាព​ប្រធានាធិបតី​មួយ​​ចំនួន​​អំពាវនាវ​ឲ្យ​​ក្រុមហ៊ុន​ធំៗ​ទាំង​នោះ​​បំបែក​ចេញ​ពី​គ្នា។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Facebook បាន​ធ្លាក់ថ្លៃ ៧,៥ ភាគរយ ភាគហ៊ុន​របស់​ក្រុមហ៊ុន Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Google បាន​​ធ្លាក់​ថ្លៃ ៦,១​ ភាគរយ ហើយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Amazon បាន​ធ្លាក់​ថ្លៃ ៤,៦ ភាគរយ។

ភាគហ៊ុន​​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេង​ទៀត​ក៏​ធ្លាក់ចុះ​ខ្លាំង​ដែរ រួម​ទាំង​ក្រុមហ៊ុន Apple, Netflix, Salesforce និង​ Microsoft៕

(ប្រភព៖ postkhmer.com សរុបដោយសំណាង)

(ប្រភព៖ postkhmer.com សរុបដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត