យុគសម័យ - ប្រធានាធិបតីអាមេរិកលោក Donald Trump បានទទួលសារលិខិតមួយច្បាប់ទៀតពីថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un កាលពីថ្ងៃទី១ ខែសីហាបន្ទាប់ពីការពិភាក្សានាពេលថ្មីៗនេះ រវាងភាគីទាំងពីរស្តីពីការរំសាយអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។
មុននេះ ប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់ទទួលបានលិខិតមួួយច្បាប់ពីថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ហើយ (រូបថតៈ TTXVN)
សេតវិមានទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ថ្នាក់ដឹកនាំ របស់កូរ៉េខាងជើងលោក Kim Jong-un បានផ្ញើលិខិតមួយច្បាប់មកជូនចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពាក់ព័ន្ធនឹងកិច្ចពិភាក្សាកំពូលរវាងមេដឹកនាំទាំងពីរ ដែលទើបតែបានបញ្ចប់ទៅកាលពីប៉ុន្មានខែមុននេះ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា នៅក្នុងលិខិតរបស់លោក Kim Jong-un បានបញ្ជាក់សាជាថ្មីឡើងវិញ អំពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើង នៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីតំបន់ឧបទ្វីបកូរ៉េ។ បន្ទាប់ពីការប្រកាសដោយសេតវិមាន លោក Donald Trump ក៏បានសរសេរបង្ហោះនៅក្នុង Twitter របស់លោកផងដែរថា លោកបានទទួលលិខិតមួយច្បាប់ ផ្ញើពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un។
មុននោះ នាថ្ងៃទី១២ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសខ្លឹមសារនៃសារលិខិតមួយដែលថ្នាក់ដឹកនាំកូរ៉េខាងជើង Kim Jong-un ផ្ញើជូន ដែលក្នុងនោះបានសម្តែងសុទិដ្ឋិនិយមអំពីទំនាក់ទំនងទ្វេភាគីនាពេលអនាគត៕
(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន