ករណីបាញ់ប្រហារដ៏សាហាវនៅផ្សារទំនើបមួយនៅអាមេរិកកាលពីថ្ងៃទី ៣ ខែសីនៅរដ្ឋ Texas សហរដ្ឋអាមេរិក បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២០ នាក់ត្រូវស្លាប់និង ២៦ នាក់ទៀតរងរបួស។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CBS News។
ទិដ្ឋភាពនៅនឹងកន្លែងកើតហេតុ (រូបថត៖ rasmeinews.com)
ហេតុការណ៍នេះបានកើតឡើងនៅផ្សារទំនើប Walmart នៅទីក្រុង El Paso រដ្ឋ Texas សហរដ្ឋអាមេរិក។ មានមនុស្សយ៉ាងហោចណាស់ ២០ នាក់ត្រូវបានស្លាប់និង ២៦ នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមជនរងគ្រោះជាបន្ទាន់មានកុមារអាយុ ៤ ខែម្នាក់។ ការបាញ់ប្រហារនេះបានកើតឡើងនៅរសៀលថ្ងៃទី ៣ ខែសីហាតាមម៉ោងក្នុងស្រុក (ពោលគឺព្រឹកថ្ងៃទី ៤ សីហាតាមម៉ោងទីក្រុងហាណូយ) នៅពេលមានអតិថិជនជាច្រើនកុះករ (ប្រមាណ ១,០០០-១,៣០០ នាក់) ដែលភាគច្រើនមកទីនេះទិញសម្ភារៈសិក្សាសម្រាប់កូនរបស់ពួកគេ ក្នុងឆ្នាំសិក្សាថ្មី។
ជនសង្ស័យឈ្មោះ Patrick Crusius អាយុ ២១ ឆ្នាំ ត្រូវបានប៉ូលីសមូលដ្ឋានចាប់ខ្លួន។ រូបភាពយកពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថាបុរសរូបនេះបានកាន់កាំភ្លើងវែង AK មួយគ្រឿង និងពាក់ប្រដាប់ការពារត្រចៀកផងដែរ។ នាបច្ចុប្បន្ននេះអជ្ញាធរមូលដ្ឋានកំពុងអំពាវនាវដល់ប្រជាជនក្នុងតំបន់ឱ្យបរិច្ចាគឈាមទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះជនរងគ្រោះដើម្បីជំនះពុះពារនូវក្តីទុក្ខលំបាក។
ជនសង្ស័យត្រូវបានស្គាល់ឈ្មោះថា Patrick Crusius (rasmeinews.com)
គួរបញ្ជាក់ថានៅលើបណ្តាញសង្គម Twtter របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសេរថា “ស្ថានការណ៍ពិតជាអាក្រក់ណាស់ មានមនុស្សត្រូវបានស្លាប់ជាច្រើនណាស់។ ខ្ញុំបាននិយាយជាមួយអភិបាលរដ្ឋ Texas និងអជ្ញាធរមូលដ្ឋានហើយដើម្បីត្រៀមខ្លួនផ្តល់ជំមួយឲ្យទាន់ហេតុការណ៍"។
នេះគឺជាការបាញ់ប្រហារលើកទី ២ នៅសហរដ្ឋអាមេរិកក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីជនសង្ស័យអាយុ ១៩ ឆ្នាំបានបាញ់ប្រហារទៅលើហ្វូងមនុស្សនៅឯពិធីបុណ្យមួយនៅរដ្ឋកាលីហ្វ័រញ៉ាដែលធ្វើឲ្យមនុស្ស ៣ នាក់ត្រូវស្លាប់ផងដែរ៕
(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន