យុគសម័យ - នាថ្ងៃទី ១៩ ខែសីហា រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Locsin Jr. បានបញ្ជាឲ្យផ្ញើកំណត់ទូតស្តីពីការប្រឆាំងជំទាស់ការដែលនាវាចម្បាំងចិនបានឆ្លងកាត់ដែនទឹករបស់ហ្វីលីពីន។
រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន លោក Teodoro Locsin Jr.
នៅលើបណ្តាញសង្គម Tweet នៅព្រឹកថ្ងៃទី ១៩ ខែសីហា លោក Locsin បានមានប្រសាសន៍ថាលោកបានបញ្ជាឲ្យខុទ្ទកាល័យទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិកចំណុះក្រសួងការបរទេសហ្វីលីពីន (DFA) ដើម្បីផ្ញើកំណត់ទូតប្រឆាំងជំទាស់ បន្ទាប់ពីហ្វីលីពីនបានរកឃើញយ៉ាងហោចណាស់មាននាវាចម្បាំងចិន ៥ គ្រឿងឈានចូលច្រកសមុទ្រ Sibutu ស្ថិតនៅខេត្ត Tawi-Tawi របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៤ ខែកក្កដា និង ថ្ងៃទី ៤ ខែសីហា។
លោក Locsin ក៏បានបន្តទៀតថា DFA គួរតែបន្តផ្ញើកំណត់ទូតប្រឆាំងជំទាស់ការដែលនាវាចិនបានឆ្លងកាត់ច្រកសមុទ្រ Sibutu។ នេះជាកំណត់ទូតទី ២ របស់ហ្វីលីពីនដើម្បីប្រឆាំងជំទាស់នឹងវត្តមានខុសច្បាប់របស់នាវាចម្បាំងចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ហ្វីលីពីន។ មុននេះលោក Locsin ក៏បានផ្ញើកំណត់ទូតប្រឆាំងជំទាស់នឹងប្រទេសចិននាថ្ងៃទី ៩ ខែសីហាកន្លងទៅ។
គួរជម្រាបថា កងទ័ពហ្វីលីពីនបានអះអាងថាចាប់តាំងពីខែមិថុនាមកម្ល៉េះ គេបានរកឃើញមាននាវាចម្បាំងចិនចំនួន ១៣ គ្រឿងបានឆ្លងកាត់ដែនទឹកនៃប្រទេសហ្វីលីពីនដោយមិនបានជូនដំណឹងជាមនុទៅអាជ្ញាធរមូលដ្ឋាននោះទេ៕
(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន