យុគសម័យ - នាថ្ងៃទី២៤ ខែឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសលាលែងពីដំណែង នាថ្ងៃទី ៧ ខែមិថុនា បន្ទាប់ពីការជាប់គាំងជាបន្តបន្ទាប់ទាក់ទងនឹងដំណើរការចាកចេញពីសហភាពអឺរ៉ុប (EU) របស់ចក្រភពអង់គ្លេស ដែលហៅថា Brexit ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May សម្រេចចិត្តលាលែងពីដំណែង (រូបថតៈ Euronews)
សេចក្តីប្រកាសខាងលើរបស់ លោកស្រី May ធ្វើឡើងបន្ទាប់ពីបានជួបប្រជុំជាមួយប្រធានគណៈកម្មាធិការ អភិរក្សនិយម ១៩២២ នៅថ្ងៃ ២៤ ឧសភានេះ ដើម្បីកំណត់កាលបរិចេ្ឆទលាលែងចេញពីតំណែង សំដៅបើកផ្លូវឱ្យ មានការប្រកួតប្រជែងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបន្តពីលោកស្រី។ ប៉ុន្តែទន្ទឹមគ្នា បើតាមមន្ត្រីអង់គ្លេស ជាច្រើននាក់ លោកស្រី May អាចនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នសិន រហូតដល់ អ្នកបន្តវេនថ្មីត្រូវបានជ្រើសរើស។
គួរបញ្ជាក់ថា ការប្រកួតប្រជែងជ្រើសរើសនាយករដ្ឋមន្ត្រីអង់គ្លេស អាចនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមិថុនា ពោលគឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចនៅអង់គ្លេស។ លោកស្រី May បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅខែកក្កដា ឆ្នាំ២០១៦។ តែបច្ចុប្បន្ន លោកស្រី កំពុងរងសម្ពាធយ៉ាងខ្លាំង ដោយសារតែសភាទាត់ចោលកិច្ចព្រមព្រៀង Brexit របស់លោកស្រី ដែលបាន ធ្វើឱ្យ Brexit ត្រូវលើកពេលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន